លោក Trump នឹងរៀបចំផែនការជំនួបផ្ទាល់ រវាងលោក Zelensky និងមេដឹកនាំអឺរ៉ុប

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត New York Times បានអះអាងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញមេដឹកនាំអឺរ៉ុប ឱ្យចូលរួមជាមួយលោក Vladimir Zelensky របស់អ៊ុយក្រែន ក្នុងកិច្ចប្រជុំមួយនៅសេតវិមាន នៅចន្ទនេះ។
កាលពីថ្ងៃសុក្រ លោក Trump បានជួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Anchorage រដ្ឋ Alaska ក្នុងអ្វីដែលជាការកត់សម្គាល់ ការចរចាទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំរុស្ស៊ី និងអាមេរិក ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតីអាមេរិក បានពណ៌នាការជួបគ្នានេះថា កក់ក្តៅ ខណៈដែលលោក Putin ចាត់ទុកវាថា ជំនួបដ៏ស្មោះត្រង់ និង មានសារៈសំខាន់ ។
មេដឹកនាំទាំងពីរនាក់បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលអាចនាំមក នូវដំណោះស្រាយ នៃជម្លោះអ៊ុយក្រែន កាន់តែខិតជិត។
កាលពីថ្ងៃសៅរ៍កាសែត New York Times បានដកស្រង់ប្រភព របស់ខ្លួនដែលនិយាយថា Trump នឹងទទួលស្វាគមន៍វត្តមាន របស់លោក Zelensky ហើយព្រមទាំងមេដឹកនាំអឺរ៉ុប ត្រូវបានអញ្ជើញឱ្យមកជាមួយផងដែរ នៅក្នុងជំនួបកំពូលមួយជាមួយគ្នា។
គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃដដែល មេដឹកនាំអ៊ុយក្រែន បានប្រកាសនៅលើបណ្តាញសង្គម X ថាលោកនឹងធ្វើដំណើរទៅ កាន់រដ្ឋធានីសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ។ ក្រោយមកលោក Trump បានបញ្ជាក់ពីដំណើរ ទស្សនកិច្ចនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
