មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន គ្រោងនឹងជួបចាមួយលោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន

វ៉ាស៊ីនតោន៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា លោកស្រី និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏ដូចជាប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នឹងធ្វើដំណើរទៅកាន់ទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។
លោកស្រី von der Leyen បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “តាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ខ្ញុំនឹងចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុបផ្សេងទៀតនៅសេតវិមាននៅថ្ងៃស្អែក” ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយៗ មកជាមួយលោក ហ្សេឡិនស្គី លោកស្រី von der Leyen បានឲ្យដឹងថា ការសម្រេចចិត្តលើទឹកដី ត្រូវតែធ្វើឡើងដោយអ៊ុយក្រែន ហើយការសម្រេចចិត្តទាំងនេះ មិនអាចធ្វើឡើងដោយគ្មានអ៊ុយក្រែននៅលើតុចរចានោះទេ។
លោកស្រីបានបញ្ជាក់ថា អឺរ៉ុបនឹងគាំទ្រអ៊ុយក្រែនយ៉ាងម៉ឺងម៉ាត់ រហូតទាល់តែមានសន្តិភាព និងយូរអង្វែងត្រូវបានសម្រេច ហើយសហភាពអឺរ៉ុប នឹងរក្សាសម្ពាធការទូត និងសេដ្ឋកិច្ចលើរុស្ស៊ី។ យោងតាមលោកស្រី von der Leyen កញ្ចប់ទណ្ឌកម្មលើកទី ១៩ អាចត្រូវបានណែនាំ នៅដើមខែកញ្ញា។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា អឺរ៉ុប បានស្វាគមន៍ចំពោះឆន្ទៈរបស់លោក ត្រាំ ក្នុងការរួមចំណែកដល់ការធានាសន្តិសុខដូចមាត្រាប្រាំ ហើយថាសម្ព័ន្ធនៃឆន្ទៈ រួមទាំងសហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើចំណែករបស់ខ្លួន។
មាត្រាប្រាំនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) គឺជាឃ្លាស្តីពីការការពាររួម។ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា វាអាចទៅរួចសម្រាប់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ស្រដៀងនឹងមាត្រា៥ របស់អង្គការណាតូ៕
ប្រែសម្រួល ឈូក បូរ៉ា
