លោក ពូទីន អះអាងថា រុស្ស៊ីចង់ឃើញជម្លោះអ៊ុយក្រែន ត្រូវបានបញ្ចប់

មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីចង់ឱ្យមានការបញ្ចប់អរិភាពនៅអ៊ុយក្រែនឱ្យបានឆាប់ តាមមធ្យោបាយសន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយស្តីពីលទ្ធផល នៃកិច្ចពិភាក្សារបស់គាត់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីគោរពជំហររបស់រដ្ឋបាល សហរដ្ឋអាមេរិក ដែលមើលឃើញពីតម្រូវការ សម្រាប់ការបញ្ឈប់អរិភាពជាមុន ហើយរុស្ស៊ីចង់បន្តដោះស្រាយ បញ្ហាទាំងអស់ដោយសន្តិវិធី ។
លោក ពូទីន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក គឺទាន់ពេលវេលា និងមានប្រយោជន៍បំផុត ដោយលោកបានបន្ថែមថា កិច្ចពិភាក្សាបានគ្របដណ្តប់ស្ទើរតែគ្រប់វិស័យ នៃប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។ កិច្ចសហប្រតិបត្តិការ ក៏ដូចជាដំណោះស្រាយដែលអាចកើតមាននៃវិបត្តិអ៊ុយក្រែន ដោយឈរលើមូលដ្ឋានយុត្តិធម៌។
លោកបានបញ្ជាក់ថាការសន្ទនា ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺបានប្រព្រឹត្ដទៅដោយស្មោះត្រង់ ហើយនាំឱ្យយើងខិតទៅជិត ការសម្រេចចិត្តចាំបាច់” ។ គួរបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ កាលពីថ្ងៃសុក្របានបញ្ចប់កិច្ចពិភាក្សានៅរដ្ឋអាឡាស្កា ប៉ុន្តែមិនមានកិច្ចព្រមព្រៀង ណាមួយត្រូវបានសម្រេចនោះទេ ។ កិច្ចពិភាក្សាដែលមានរយៈពេលប្រហែល ៣ម៉ោង បានផ្តោតជាចម្បងលើវិបត្តិអ៊ុយក្រែន ក៏ដូចជាការកែប្រែទំនាក់ទំនង ទ្វេភាគី ដែលបានជាប់គាំងយ៉ាងធំធេង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
