លោក Trump អះអាងថា លោក Putin បានទទួលយកការធានា បែបសន្តិសុខសម្រាប់អ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេចក្នុង ការទទួលយកការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងកិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុបកាលពីថ្ងៃចន្ទ។
លោកTrump កំពុងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងអ្នកគាំទ្រអឺរ៉ុបសំខាន់ៗ របស់អ៊ុយក្រែននៅឯសេតវិមាន ។
ការប្រមូលផ្តុំនេះធ្វើឡើងរយៈពេល៣ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំកំពូល Trump-Putin ក្នុងរដ្ឋ Alaska ដែលមេដឹកនាំទាំងពីរបានសាទរថា ជាជំហានវិជ្ជមានឆ្ពោះទៅរកការ ដោះស្រាយជម្លោះអ៊ុយក្រែន។
លោក Trump បាននិយាយដោយមិនបញ្ជាក់លម្អិតថា ៖ លោកប្រធានាធិបតីPutinបានយល់ស្របថា រុស្ស៊ីនឹងទទួលយកការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ នេះជាចំណុចសំខាន់មួយដែលយើងត្រូវពិចារណា ។ យើងនឹងពិចារណាថាតើអ្នកណានឹងធ្វើអ្វីដែរ។
គួរឲ្យដឹងដែរថា អ៊ុយក្រែនបានទទូចលើការធានាស្រដៀងគ្នានឹងការការពាររួមរបស់ណាតូ ជាលក្ខខណ្ឌមួយសម្រាប់សន្តិភាពយូរអង្វែង។ យ៉ាងណាក្តីទាំងរុស្ស៊ី និងអាមេរិកបានច្រានចោលសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
