ព័ត៌មានអន្តរជាតិ

​ លោក​ គីម ជុងអ៊ុន រិះគន់សមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង ថាជាការប៉ុនប៉ង បញ្ឆេះសង្គ្រាម

kyodo

ប៉េកាំង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ការធ្វើសមយុទ្ធយោធារួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថា វាបង្ហាញពី “ឆន្ទៈរបស់ពួកគេក្នុងការបញ្ឆេះសង្រ្គាម” និងអាចនាំទៅដល់ការបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់។

លោក គីម​ ជុងអ៊ុន បានធ្វើការកត់ សម្គាល់កាលពីថ្ងៃមុន ខណៈដែលលោកបានត្រួតពិនិត្យ ការសាកល្បងប្រតិបត្តិការប្រព័ន្ធ សព្វាវុធនៃនាវាពិឃាតពហុបំណងទម្ងន់ ៥០០០ តោន ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅទីក្រុងកំពង់ផែ Nampho ភាគខាងលិចក្នុងខែមេសា។

លោកក៏បានអំពាវនាវឱ្យមាន “ការពង្រីកយ៉ាងឆាប់រហ័ស” នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ដោយលើកឡើងនូវអ្វីដែលលោកហៅថា បរិយាកាសសន្តិសុខធ្ងន់ធ្ងរ​ ដែលទីក្រុងព្យុងយ៉ាងប្រឈមមុខ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។

កាលពីថ្ងៃច័ន្ទ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចាប់ផ្តើមសមយុទ្ធ Ulchi Freedom Shield រយៈពេល ១១ថ្ងៃ ដើម្បីបង្កើនការត្រៀមខ្លួន របស់ពួកគេប្រឆាំង នឹងការគំរាមកំហែងពីកូរ៉េខាងជើង​ ប៉ុន្តែប្រហែលពាក់កណ្តាល នៃសមយុទ្ធត្រូវបានពន្យារពេល ដល់ខែកញ្ញានៅក្នុងការផ្លាស់ប្តូរមួយ ដែលត្រូវបានគេមើលឃើញថា​ ជាផ្នែកនៃវិធីសាស្រ្តផ្សះផ្សាទៅកាន់កូរ៉េខាងជើង ដែលធ្វើឡើងដោយប្រធានាធិបតី កូរ៉េខាងត្បូងថ្មីលោក Lee Jae Myung។

ទោះបីជាយ៉ាងណាក៏ដោយ លោក គីម​ ជងអ៊ុន​បានឲ្យដឹងថា សមយុទ្ធប្រចាំឆ្នាំនេះ គូសបញ្ជាក់យ៉ាងច្បាស់នូវ “ចេតនារបស់ប្រទេសទាំងពីរ ដើម្បីរក្សាអរិភាព និង ការប្រឈមមុខដាក់គ្នាបំផុត” ចំពោះកូរ៉េខាងជើង ដោយបន្ថែមថា ពួកគេបាននឹងកំពុង “រៀបចំផែនការ ទំនាក់ទំនងយោធានាពេលថ្មីៗនេះ ជាមួយនឹងធាតុផ្សំនុយក្លេអ៊ែរ”។

KCNA បានចុះផ្សាយថា បន្ទាប់ពីបានសង្កេតការសាកល្បងប្រព័ន្ធ សព្វាវុធរបស់នាវាពិឃាត Choe Hyon លោក គីម​ បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាព​ ដែលសម្រេចបានក្នុងការធ្វើឱ្យកងទ័ពជើងទឹករបស់ប្រទេសនេះ “បច្ចេកវិទ្យាខ្ពស់ និងអាវុធនុយក្លេអ៊ែរ” ។

ដោយទទួលបានរបាយការណ៍ស្តីពីនាវាពិឃាតទម្ងន់ ៥០០០តោនទីបីដែលកំពុងត្រូវបានសាងសង់នៅឯកន្លែងផលិតកប៉ាល់ Nampho លោក គីម​ បានឧ្យដឹងថា វាគឺជា “កិច្ចការរដ្ឋដ៏ សំខាន់បំផុត” ដើម្បី “អភិវឌ្ឍយ៉ាងឆាប់រហ័ស” នូវសមត្ថភាពរបស់កងទ័ពជើងទឹក របស់ប្រទេសក្នុងការជំរុញ ការការពារជាតិ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន៕

To Top