រុស្ស៊ី ច្រានចោលការដោះស្រាយ ជម្លោះនៅអ៊ុយក្រែនណាមួយ ដែលគ្មានទម្រង់ទទួលកដោយទីក្រុងម៉ូស្គូ

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមិនច្រានចោលទម្រង់ណាមួយឡើយ ទាំងទ្វេភាគី ឬត្រីភាគី លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន។
ថ្លែងនៅលើប៉ុស្តិ៍ Rossiya-24 របស់ទូរទស្សន៍រដ្ឋ លោកក៏បានកត់សម្គាល់ផងដែរថា រាល់ទំនាក់ទំនងជុំវិញអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងមន្ត្រីកំពូល ចាំបាច់ត្រូវរៀបចំ “ដោយប្រុងប្រយ័ត្នបំផុត”។
រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា មិនអាចមានការពិភាក្សាអំពីកិច្ចព្រមព្រៀងរយៈពេលវែងណាមួយឡើយ ដោយមិនគោរពចំពោះសន្តិសុខរបស់រុស្ស៊ី និងសិទ្ធិរបស់ជនជាតិរុស្ស៊ីនៅអ៊ុយក្រែននោះទេ។
កាលពីយប់ថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះនៅលើវេទិកា Truth Social របស់លោកថាលោកបានទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ហើយបានចាប់ផ្តើមរៀបចំកិច្ចប្រជុំទ្វេភាគីរវាងលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ជាមួយនឹងទីតាំងដែលត្រូវកំណត់។
លោក ដូណាល់ ត្រាំ បានបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំលោក ពូទីន និងលោក ហ្សេឡិនស្គី កិច្ចប្រជុំត្រីភាគីដែលពាក់ព័ន្ធនឹងមេដឹកនាំសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា
