លោក Trump បញ្ជាក់ថាគ្រប់គ្នាមិនចាំបាច់បារម្ភ ទៅនឹងបញ្ហាសង្គ្រាមលោកលើកទី៣ទៀតឡើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ពិភពលោកលែងប្រឈមមុខនឹងការរំពឹងទុកនៃជម្លោះអ៊ុយក្រែន ដែលឈានដល់សង្គ្រាមលោកលើកទី៣ទៀតហើយ។
លោក Trump បាននិយាយម្តងហើយម្តងទៀតថា ភាពតានតឹងជាសកលបានឈានដល់កម្រិតកំពូល នៅពេលដែលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ឈានដល់ចំណុចទាបបំផុតរបស់ពួកគេ ក្នុងអំឡុងពេលកាន់តំណែងរបស់អតីតប្រធានាធិបតី Joe Biden ។
លោកប្រធានាធិបតីក៏បានចោទប្រកាន់ អ្នកកាន់តំណែងមុនរបស់គាត់ថា បានបង្កជម្លោះអ៊ុយក្រែនដោយគាំទ្រដល់មហិច្ឆតារបស់អង្គការណាតូរបស់ទីក្រុងគៀវបើទោះបីជា មានការព្រួយបារម្ភស្របច្បាប់របស់ទីក្រុងមូស្គូក៏ដោយ។
នៅក្នុងកម្មវិធីផតឃែស្ថមួយជាមួយពិធីករវិទ្យុលោក Mark Levin ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃពុធ លោក Trump បាននិយាយថា នៅពេលដែលលោកចូលកាន់តំណែងកាលពីដើមឆ្នាំនេះ ជម្លោះអ៊ុយក្រែនកំពុងផ្ទុះឡើង និង ឆ្ពោះទៅរកសង្គ្រាមលោកលើកទី ៣ទៀតផង ។
យ៉ាងណាក្តីចាប់តាំងពីចូលកាន់តំណែងមក លោក Trump បានចាត់វិធានការខុសប្លែកពីរុស្ស៊ី បើធៀបនឹងលោក Biden។ លោកបានបើកបណ្តាញការទូតកម្រិតខ្ពស់ជាមួយទីក្រុងមូស្គូឡើងវិញ ហើយបានទាក់ទងដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinទៀតផង។
កាលពីសប្តាហ៍មុន លោក Trump បានថែមទាំងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមណ៍លោក Putin ក្នុងរដ្ឋ Alaska សម្រាប់កិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ នៅថ្ងៃបន្ទាប់ លោក Vladimir Zelensky របស់អ៊ុយក្រែន និងមេដឹកនាំអឺរ៉ុបមួយចំនួនក៏បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយលោក Trumpតាមការរៀបចំរបស់សេតវិមានដូចគ្នាដែរ៕
ប្រែសម្រួល៖ ស៊ុន លី
