ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យដោយផ្ទាល់  ចំពោះការសាកល្បង ប្រព័ន្ធមីស៊ីល ការពារដែនអាកាសថ្មី

kyodo

ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាកល្បង មីស៊ីលការពារដែនអាកាសថ្មីពីរប្រភេទ ដែលអាចបំផ្លាញគោលដៅ ពីលើអាកាសជាច្រើន រួមទាំងយន្តហោះដ្រូនវាយប្រហារ និងមីស៊ីលនាំផ្លូវ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ បានចុះផ្សាយថា រដ្ឋបាលមីស៊ីល របស់ប្រទេសនេះ បានសាកល្បងសមត្ថភាពប្រយុទ្ធ នៃប្រព័ន្ធការពារដែនអាកាសថ្មី កាលពីថ្ងៃសៅរ៍ដោយបញ្ជាក់ពី “ការឆ្លើយតបរហ័ស” របស់ពួកគេ ចំពោះគោលដៅផ្សេងៗគ្នា។

លោក គីម ជុងអ៊ុន ក៏បានចង្អុលបង្ហាញថា “កិច្ចការសំខាន់មួយ” គឺត្រូវអនុវត្តដោយវិស័យវិទ្យាសាស្ត្រការពារជាតិរបស់ប្រទេស នៅមុនសមាជបក្សកាន់អំណាច ដែលនឹងធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង ដោយមិនមានការបញ្ជាក់លម្អិតនោះទេ។  គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមាជ​លើក​ចុង​ក្រោយ​គេ​ធ្វើ​ឡើង​កាលពីខែ​មករា ឆ្នាំ​២០២១ នឹង​ត្រូវ​កោះ​ប្រជុំ​នៅ​ពេល​ណា​ម្ដងទៀតនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

ការសាកល្បងនេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើង បានថ្កោលទោសសមយុទ្ធយោធារួមគ្នាដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ជាការប៉ុនប៉ងដើម្បី “បញ្ឆេះសង្រ្គាម”។

ការសាកល្បងរបស់កូរ៉េខាងជើង ក៏ត្រូវបានធ្វើឡើងមុនពេលកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងធ្វើនៅថ្ងៃអង្គារស្អែកនេះ៕
ប្រែសម្រួល  ឈូក  បូរ៉ា

To Top