ព័ត៌មានអន្តរជាតិ

ទំនិញថៃ ចាប់ផ្តើមបង្វែរដោយដឹកចេញ តាមផែដែលគ្រប់គ្រងដោយអង្គការប្រដាប់អាវុធជនជាតិភាគតិច Karen បន្ទាប់ពីរបបយោធាបិទស្ពានព្រំដែន

បរទេស៖ ចាប់តាំងពីរបបយោធាមីយ៉ាន់ម៉ាបានបិទស្ពានមិត្តភាព 2 ដែលជាច្រកឆ្លងកាត់ដ៏សំខាន់នៅក្នុងពាណិជ្ជកម្មនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលតភ្ជាប់ពីទីក្រុង Mae Sot ក្នុងប្រទេសថៃ និង ទីក្រុង Myawaddy ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១៨ ខែសីហា ទំនិញថៃត្រូវបានបង្ខំឱ្យចូលប្រទេសមីយ៉ាន់ម៉ាតាមច្រកដែលគ្រប់គ្រងដោយអង្គការប្រដាប់អាវុធជនជាតិភាគតិច Karen (EAOs) វិញម្តង។

យោងតាមគេហទំព័រ Burma News International ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកវិភាគជឿថា របបយោធាមីយ៉ាន់ម៉ាបានបិទស្ពាននេះ ដើម្បីរំខានដល់ពាណិជ្ជកម្មតាមព្រំដែន និងបង្កើនការគ្រប់គ្រងលើប្រាក់ចំណូលពន្ធបានពីពាណិជ្ជកម្មថៃ-មីយ៉ាន់ម៉ា។ ទោះជាយ៉ាងនេះក្តី អាជីវករតាមព្រំដែនបាននិយាយថា សកម្មភាពនេះទំនងជាមិនសម្រេចបាននូវគោលដៅដែលបានគ្រោងទុកនោះទេ ដោយកត់សម្គាល់ថា ទោះបីជាបិទស្ពានមិត្តភាព 2 ក៏ដោយ ក៏មានកំពង់ផែប្រហែល ៥០ ដែលគ្រប់គ្រងដោយ អង្គការប្រដាប់អាវុធជនជាតិភាគតិច Karen (EAOs) នៅតាមដងទន្លេ Thaungyin (Moei) ដែលជាព្រំដែនធម្មជាតិរវាងប្រទេសទាំងពីរ នៅតែដំណើរការដដែល។

ពាណិជ្ជករក្នុងស្រុកបាននិយាយថា «ពាណិជ្ជកម្មតាមព្រំដែនរវាងថៃនិងមីយ៉ាន់ម៉ា បានដំណើរការតាំងពីយូរយារណាស់មកហើយ មុនយើងកើតមកទៅទៀត។ ប្រហែលមានផែប្រហែល៥០នៅតាមដងទន្លេដែលអាចគ្រប់គ្រងពាណិជ្ជកម្មនេះបាន ។

ផ្ទាំងពាណិជ្ជកម្ម

អាជីវករនាំចេញ-នាំចូល ក៏រាយការណ៍ថា របបយោធាមីយ៉ាន់ម៉ា ឬ ភូមា លែងអនុញ្ញាតឲ្យផលិតផលម្ហូបអាហារ ដូចជា សណ្តែក ម្ទេស ខ្ទឹមបារាំង ដំឡូង និងបន្លែផ្សេងទៀត នាំចេញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ ហើយកំពុងបញ្ឈប់ទំនិញទាំងនោះនៅស្ពានទន្លេ Sittaung ព្រំដែនរវាងតំបន់ Bago និងរដ្ឋ Mon ។

ចាប់តាំងពីរបបយោធាបិទស្ពានមិត្តភាព 2 ឡានដឹកទំនិញពេញៗចំនួន ៥០០ គ្រឿងត្រូវបានចតនៅខាង មេសត របស់ថៃ។ ទំនិញមួយចំនួនរបស់ពួកគេ បានចាប់ផ្តើមផ្ទុក និងដឹកជញ្ជូនជាក្រុមទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាមច្រកកំពង់ផែ ខណៈដែលអ្នកបើកបររង់ចាំស្ពានបើកឡើងវិញសម្រាប់រថយន្តកុងតឺន័រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top