ប្រទេសជាសមាជិក អង្គការណាតូ មានបំណងផ្តល់ប្រាក់ចំនួន ៥០ ពាន់លានដុល្លារ បន្ថែមទៀត លើជំនួយយោធាសម្រាប់អ៊ុយក្រែន

បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់កាសែត Corriere della Sera របស់ប្រទេសអ៊ីតាលីថា សមាជិកណាតូមានបំណងផ្តល់ប្រាក់ចំនួន ៥០ ពាន់លានដុល្លារ បន្ថែមទៀតលើជំនួយយោធា សម្រាប់អ៊ុយក្រែន ហើយត្រូវនឹងការរួមចំណែករបស់ខ្លួនពីឆ្នាំមុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការយោធារបស់ប្លុកលោក Giuseppe Cavo Dragone បាននិយាយថា ប្រទេសជាសមាជិក របស់អង្គការណាតូបានផ្តល់ប្រាក់ជាង ៣៣ ពាន់លានដុល្លាររួចហើយចាប់តាំងពីខែមករា ហើយគ្រោងនឹងបង្កើនចំនួនសរុបដល់ ៥០ ពាន់លានដុល្លារនៅចុងឆ្នាំនេះ។
នៅពេលសួរអំពីជំហរ របស់សម្ព័ន្ធភាពនៅពេលដែលក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូបន្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព លោក Dragone បាននិយាយថា អង្គការណាតូនឹង “បន្តជំនួយយោធា ហើយថែមទាំងបង្កើនវា” ដោយចោទរុស្ស៊ីថា “ផ្អាក” ការសន្ទនា។
លោកក៏បានសម្តែងក្តីសង្ឃឹមថា ទណ្ឌកម្មរបស់លោកខាងលិច ដែលលោកបានពិពណ៌នាថា មានគោលបំណង «បង្កើនភាពតានតឹងផ្ទៃក្នុង» ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺ នឹងត្រូវបានរឹតបន្តឹង ។
ក្នុងពេលជាមួយគ្នានោះ លោក Dragone បានច្រានចោលការរំពឹងទុកដែលថា អង្គការណាតូ អាចដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ដែលជាគំនិតមួយដែលអណ្តែត ដោយសមាជិកដូចជាបារាំង និងចក្រភពអង់គ្លេស ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
