Update: អូស្ត្រាលី ថាការបណ្ដេញ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ចេញប្រទេស មិនមែនធ្វើ ដើម្បីផ្គាប់ចិត្តអ៊ីស្រាអែលនោះទេ

ស៊ីដនី៖ រដ្ឋាភិបាលអូស្ត្រាលី បានច្រានចោលការ អះអាងដែលថា ចំណាត់ការរបស់ខ្លួនក្នុងការបណ្ដេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងផ្អាកស្ថានទូត របស់ខ្លួនក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានធ្វើឡើង ដើម្បីផ្គាប់ចិត្តអ៊ីស្រាអែល។
រដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលី Penny Wong បានឧ្យដឹងនៅព្រឹកថ្ងៃពុធថា សកម្មភាពរបស់អ៊ីរ៉ង់បាន “ឆ្លងផុតបន្ទាត់” បន្ទាប់ពីនាយករដ្ឋមន្ត្រី អូស្រាលីលោក អាន់តូនី អាល់បានី កាលពីថ្ងៃអង្គារ បានចោទប្រកាន់ប្រទេសមជ្ឈិមបូព៌ាថា បានដឹកនាំការវាយប្រហារប្រឆាំង នឹងសាសនានៅប្រទេសអូស្ត្រាលី ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។
លោក អាល់បានី បានប្រកាស នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ Ahmad Sadeghi និងមន្ត្រីបីនាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអង្គការស៊ើបការណ៍ សន្តិសុខអូស្ត្រាលី បានប្រមូល “ភស្តុតាងគួរឱ្យទុកចិត្ត” ដែលអ៊ីរ៉ង់បានដឹកនាំការ វាយប្រហារយ៉ាងហោចណាស់ចំនួន២ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានឧ្យដឹងថាទីក្រុងកង់បេរ៉ា “គួរតែយល់ដឹងប្រសើរជាង ដើម្បីដាក់សម្ពាធលេី” របបអ៊ីស្រាអែល។
លោកស្រីរដ្ឋមន្រ្តីការបរទេសបានឧ្យដឹងថា រដ្ឋាភិបាល បានច្រានចោលការទាមទារនេះ ហើយមានជំនឿលើការវាយតម្លៃរបស់ ASIO ។ លោកស្រីបានប្រាប់ទូរទស្សន៍ Australian Broadcasting Corporation (ABC)ថា “នេះគឺជាការវាយប្រហារដោយហឹង្សាលើដីអូស្ត្រាលី ប្រឆាំងនឹងប្រជាជនអូស្ត្រាលី។ វាមិនអាចប្រឈមមុខបានទេ ហេីយវាមិនអាចទទួលយកបាននោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
