អ៊ីរ៉ង់ ថ្កោលទោសអូស្ត្រាលី ចំពោះការបណ្តេញ ឯកអគ្គរដ្ឋទូតរបស់ខ្លួន និងព្រមានពីវិធានការ សងសឹកទៅវិញទៅមក

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការសម្រេចចិត្ត របស់អូស្ត្រាលី ក្នុងការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Ahmad Sadeghi ដោយហៅវាថា ជារឿងអយុត្តិធម៌ និងផ្ទុយនឹងប្រពៃណីទ្វេភាគី ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានច្រានចោលការ ចោទប្រកាន់របស់ទីក្រុងកង់បេរ៉ា ដែលថា អ៊ីរ៉ង់កំពុងដឹកនាំការវាយប្រហារ ប្រឆាំងសាសនានៅក្នុងប្រទេសអូស្ត្រាលី ដោយបន្ថែមថា ការប្រឆាំងនឹងពួកយូដា គឺជាបាតុភូតរបស់លោកខាងលិច ដែលត្រូវបានប្រើប្រាស់ខុស ដើម្បីបំបិទមាត់ការរិះគន់លើគោលនយោបាយប៉ាឡេស្ទីន របស់អ៊ីស្រាអែល។
ក្រសួងបានចោទប្រកាន់អូស្ត្រាលីថា បានធ្វើតាមគោលនយោបាយ របស់អ៊ីស្រាអែលដើម្បីបង្វែរការយកចិត្តទុកដាក់ពី “អំពើឃោរឃៅដែលកំពុងបន្ត” របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងបង្កើនភាពតានតឹង ក្នុងតំបន់ ព្រមទាំងបានព្រមានអំពីវិធានការ សងសឹកទៅវិញទៅមក ដែលអាចកើតមានពីទីក្រុងតេអេរ៉ង់ ។
ក្រសួងបានជំរុញឱ្យអូស្ត្រាលី ពិចារណាឡើងវិញនូវ “ការសម្រេចចិត្តខុស” ហើយបានបញ្ជាក់ថាទីក្រុងកង់បេរ៉ា នឹងទទួលខុសត្រូវចំពោះផលវិបាកណាមួយ ដែលប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់ នៅក្នុងប្រទេសអូស្ត្រាលី។
នៅព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក អាន់តូនី អាល់បានី ក្នុងសន្និសីទសារព័ត៌មានមួយបានចោទប្រកាន់អ៊ីរ៉ង់ថា បានដឹកនាំការវាយប្រហារ ប្រឆាំងសាសនានៅក្នុងប្រទេសអូស្ត្រាលី ហើយបានប្រកាសថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ត្រូវបានប្រាប់ឱ្យចាកចេញពីប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
