ស្លូវ៉ាគី ជំរុញអ៊ុយក្រែន ឱ្យឈប់វាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលសំខាន់ៗ

បរទេស៖ រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Juraj Blanar បានជំរុញឱ្យអ៊ុយក្រែន ជៀសវាងការវាយប្រហារលើបំពង់បង្ហូរប្រេង Druzhba ដោយថាការវាយប្រហារ បែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទាំងស្លូវ៉ាគី និងអ៊ុយក្រែន។
លោក Blanar បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រួមទាំងការហៅទូរស័ព្ទ កាលពីថ្ងៃអាទិត្យជាមួយសមភាគី អ៊ុយក្រែនលោក Andrii Sybiha និងកាលពីថ្ងៃចន្ទជាមួយលោក Taras Kachka ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន សម្រាប់ការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរុបអាត្លង់ទិក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននៃសាធារណរដ្ឋស្លូវ៉ាគី។
លោក Blanar បានជូនដំណឹងដល់ពួកគេអំពីលិខិតរួមមួយ ដែលបានផ្ញើទៅគណៈកម្មការអឺរ៉ុបដោយស្លូវ៉ាគី និងហុងគ្រី ដែលបានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តទាក់ទងនឹងសន្តិសុខផ្គត់ផ្គង់ថាមពលនៃប្រទេសសមាជិកសហភាពអឺរ៉ុប។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា មន្ត្រីអ៊ុយក្រែនទាំងពីរបានធានាគាត់ពីការពិភាក្សាលើវិធីសាស្រ្តស្ថាបនា ហើយបានថ្លែងអំណរគុណដល់ស្លូវ៉ាគីសម្រាប់ជំនួយ ដែលបានផ្តល់ចាប់តាំងពីជម្លោះយោធាបានផ្ទុះឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី។
កាលពីថ្ងៃទី១៨ ខែសីហា អ៊ុយក្រែន បានអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារមួយយប់លើស្ថានីយ៍បូមប្រេង Nikolskoe ក្នុងតំបន់ Tambov របស់រុស្ស៊ី។ ការវាយប្រហារនេះបានបណ្តាលឱ្យមានការផ្អាកការដឹកជញ្ជូនប្រេងឆៅតាមរយៈបំពង់បង្ហូរប្រេង Druzhba ទៅកាន់ប្រទេសស្លូវ៉ាគី។
នៅក្នុងការបង្ហោះនៅលេីបណ្ដាញ Facebook កាលពីថ្ងៃទី២២ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានបរិហារការវាយប្រហារថាជា “ការវាយប្រហារដោយផ្ទាល់ទៅលើសន្តិសុខថាមពលរបស់ប្រទេស” និង “ជាការប៉ុនប៉ងអូសទាញហុងគ្រី ចូលទៅក្នុងសង្រ្គាម” ដោយបន្ថែមថា ហុងគ្រី នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពដោយអស់ពីកម្លាំង ខណៈដែលការពារផលប្រយោជន៍ជាតិរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរា
