កាតា បញ្ជាក់ថា អ៊ីស្រាអែល គួរតែឆ្លើយតបទៅនឹងសំណើ បទឈប់បាញ់នៅតំបន់ហ្គាហ្សា

ដូហា៖ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed bin Mohammed Al Ansari បានឧ្យដឹងថា អ៊ីស្រាអែលគួរតែឆ្លើយតប ទៅនឹងសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលមាននៅលើតុរួចហើយ។
លោក Al Ansari បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានដោយសំអាង លើសំណើចុងក្រោយដែលប្រទេសកាតា បានឧ្យដឹងថា “វាដល់ពេលហើយ សម្រាប់អ៊ីស្រាអែល ក្នុងការផ្តល់ចម្លើយដ៏ធ្ងន់ធ្ងរមួយ ចំពោះអ្វីដែលខ្លួនបាន ព្រមព្រៀងគ្នានាពេលកន្លងមក” ។
លោក Al Ansari បានបន្ថែមថា “អ្វីដែលសំខាន់ មិនមែនជាទីតាំង” សម្រាប់កិច្ចពិភាក្សា ដូចដែលរបាយការណ៍ បានចោទប្រកាន់ថា អ៊ីស្រាអែល កំពុងពិភាក្សាជាមួយអេហ្ស៊ីប អំពីកន្លែងដែលត្រូវចាប់ផ្តើមការ ចរចាឡើងវិញជាមួយក្រុមហាម៉ាស់។
ទន្ទឹមនឹងនេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការបរទេស កាតា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការទម្លាក់គ្រាប់បែករបស់កងកម្លាំងអ៊ីស្រាអែលទៅលើអគារវេជ្ជសាស្ត្រ Nasser នៅទីក្រុងខាន់យូនីស ដោយពណ៌នាថាវាជា “វគ្គថ្មីនៃឧក្រិដ្ឋកម្មដ៏សាហាវដែលកំពុងបន្ត” ដែលប្រព្រឹត្តដោយអ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួល ឈូក បូរ៉ា
