នាយករដ្ឋមន្ត្រីដាណឺម៉ាក រិះគន់និងព្រមានអាមេរិក ក្នុងការជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុង របស់ដាណឺម៉ាក់និង Greenland

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក ស្រីMette Frederiksen កាលពីថ្ងៃពុធ បាននិយាយថា ការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដាណឺម៉ាក និងនៅហ្គ្រីនឡែន(Greenland)គឺជារឿង ដែលមិនអាចទទួលយកបានជាដាច់ខាត។
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា ពលរដ្ឋអាមេរិកដែលមានទំនាក់ទំនងជាមួយសេតវិមាន ជាប់ពាក់ព័ន្ធក្នុងសកម្មភាពលួចលាក់បំពេញការងារ នៅក្នុងទឹកដីរបស់ហ្គ្រីនឡែន Greeland។
នៅព្រឹកថ្ងៃដដែល ទូរទស្សន៍ដាណឺម៉ាក DR បានរាយការណ៍ថា យ៉ាងហោចណាស់មានពលរដ្ឋអាមេរិក បីនាក់ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតី Donald Trump បាននិងកំពុងធ្វើប្រតិបត្តិការនិងបង្កើនឥទ្ធិពលនៅក្នុង Greenland រួមទាំងការបង្កើតបណ្តាញឯកជន និងការចងក្រងបញ្ជីតួលេខក្នុងស្រុកដោយផ្អែក លើគោលជំហររបស់ពួកគេ ចំពោះការគ្រប់គ្រង របស់សហរដ្ឋអាមេរិកលើកោះអាកទិក នេះថែមទៀតផង។
លោកស្រីFrederiksen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ៖យើងមានការខ្វែងគំនិតគ្នាយ៉ាងច្បាស់នៅពេលនិយាយអំពី Greenland ។ ការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងនៃព្រះរាជាណាចក្រដាណឺម៉ាក និងនៅក្នុងលទ្ធិប្រជាធិបតេយ្យ Greenlandic គឺមិនអាចទទួលយកបានទេ។
នាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា ក្រុងវ៉ាស៊ីនតោនមិនបានបដិសេធយ៉ាងច្បាស់ ការចោទប្រកាន់នេះទេ។ នាងបាននិយាយថា ៖ខ្ញុំកត់សំគាល់ថាជនជាតិអាមេរិក មិនបានបដិសេធយ៉ាងច្បាស់ នូវអ្វីដែលបានរាយការណ៍នៅថ្ងៃនេះទេ។ នោះជាការពិតណាស់៕
ប្រែសម្រួល៖ស៊ុនលី
