ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក កោះហៅបេសកជនអាមេរិក ជុំវិញប្រតិបត្តិការ ឥទ្ធិពលសម្ងាត់ នៅ Greenland

RT News

ដាណឹម៉ាក ៖ ក្រសួងការបរទេសដាណឺម៉ាក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសលោក Lars Lokke Rasmussen បានកោះហៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកមកពិភាក្សាជុំវិញរបាយការណ៍ ដែលថាពលរដ្ឋអាមេរិក ដែលមានទំនាក់ទំនងជាមួយសេតវិមាន បាននិងកំពុងធ្វើប្រតិបត្តិការ ឥទ្ធិពលសម្ងាត់នៅតំបន់ Greenland ដែលជាទឹកដី ដែលចង់បានដោយទីក្រុងវ៉ាស៊ីនតោន ។

ទូរទស្សន៍ដាណឺម៉ាក DR បានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិអាមេរិកបីនាក់ ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរជាច្រើនដងទៅកាន់តំបន់ Greenland ក្នុងឆ្នាំនេះ ដោយត្រូវបានចោទប្រកាន់ថា កំពុងធ្វើការដើម្បីបង្កើតបណ្តាញឯកជន ជ្រៀតចូលសហគមន៍មូលដ្ឋាន និងចាត់ថ្នាក់ប្រជាជនក្នុងតំបន់ ដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេ ចំពោះការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក លើកោះនេះ។

លោក Rasmussen បានលើកឡើងថា “យើងដឹងថា តួអង្គបរទេសបន្តបង្ហាញចំណាប់អារម្មណ៍ចំពោះតំបន់ Greenland និងទីតាំងរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក ។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើយើងជួបប្រទះការប៉ុនប៉ងនៅខាងក្រៅ ដើម្បីជះឥទ្ធិពលលើអនាគត នៃតំបន់នាពេលខាងមុខ” ។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីបានបន្ដថា កិច្ចពិភាក្សានេះនឹងក្លាយជា “ការសន្ទនាការពារ” សំដៅធ្វើឱ្យជំហររបស់ដាណឺម៉ាក មានភាពច្បាស់លាស់។ “រាល់ការចូលរួមជាផ្លូវការ នៅក្នុងសកម្មភាព ដែលអាចពិពណ៌នាថា ជាយុទ្ធនាការឥទ្ធិពលនឹងបំពានលើច្បាប់អន្តរជាតិ”។ លោកបានសង្កត់ធ្ងន់ថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសគឺ «មិនអាចទទួលយកបាននោះទេ»។

ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ DR តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា “រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនគ្រប់គ្រង ឬដឹកនាំសកម្មភាពរបស់ពលរដ្ឋឯកជននោះទេ” ហើយថាវ៉ាស៊ីនតោន “គោរពសិទ្ធិរបស់ប្រជាជន Greenland ក្នុងការសម្រេចចិត្តអនាគតរបស់ពួកគេ” ។

ចាប់តាំងពីចូលកាន់តំណែងកាលពីដើមឆ្នាំនេះមក លោក ត្រាំ បានសម្តែងម្តងហើយម្តងទៀតនូវបំណងប្រាថ្នា ដើម្បីទទួលបានការគ្រប់គ្រងលើតំបន់ Greenland ដោយបញ្ជាក់ថាលោកនឹងមិនបដិសេធលទ្ធភាពនៃការប្រើប្រាស់ “ការបង្ខិតបង្ខំផ្នែកយោធា ឬសេដ្ឋកិច្ច” ដើម្បីសម្រេចបាននូវគោលដៅនេះ៕

To Top