ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការ សៀងហៃ នឹងនាំមកនូវសន្ទុះថ្មី ដល់ស្ថិរភាពតំបន់ និងការអភិវឌ្ឍ ប្រកបដោយចីរភាព

ស្របពេលដែលពិភពលោក កំពុងជួបប្រទះនឹង ភាពតានតឹងភូមិ សាស្ត្រនយោបាយ កំណើនយឺត និងការកើនឡើង នៃភាពមិនប្រាកដប្រជា អង្គការសហប្រតិបត្តិការ សៀងហៃ (Shanghai Cooperation Organization – SCO) កំពុងលេចឡើងជាវេទិកាសហប្រតិបត្តិការដ៏សំខាន់មួយ សម្រាប់ការជំរុញស្ថិរភាព កិច្ចសន្ទនា និងការអភិវឌ្ឍ។

ជាមួយនឹងវិសាលភាពគ្របដណ្តប់ជាង ៦០% នៃផ្ទៃដីអឺរ៉ាស៊ី និងជិត៥០% នៃចំនួនប្រជាជនពិភពលោក SCO បានវិវត្តខ្លួនទៅជាវេទិកាពហុភាគីគ្រប់ជ្រុងជ្រោយ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពសកល។

ក្រោមភាពជាប្រធានប្តូរវេន របស់ប្រទេសចិន កិច្ចប្រជុំកំពូល SCO នឹងរៀបចំឡើងនៅទីក្រុងធៀនជីង ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលមកពីជាង ២០ ប្រទេស ព្រមទាំងអង្គការអន្តរជាតិជាង ១០ រួមទាំងអង្គការសហប្រជាជាតិ។ នេះគឺជាព្រឹត្តិការណ៍ធំជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ SCO ដែលរំពឹងថា នឹងនាំមកនូវសន្ទុះថ្មីដល់ស្ថិរភាពតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងបរិបទនៃភាពមិនប្រាកដប្រជាសកល SCO កំពុងក្លាយទៅជាគំរូកិច្ចសហប្រតិបត្តិការអន្តរជាតិមួយ ដែលផ្តល់អាទិភាពដល់ “ភាពជាដៃគូ ជាជាង ការប្រឈមមុខគ្នា” “កិច្ចសន្ទនា ជាជាង ការបែកចែក” និង “លទ្ធផលឈ្នះ-ឈ្នះ ជាជាង លទ្ធផលឈ្នះ-ចាញ់” ។ មានតែកិច្ចសន្ទនា និងសន្តិសហវិជ្ជមានទេ ដែលជាមាគ៌ាឆ្ពោះ ទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលនេះគឺជាស្មារតី នៃការបង្កើតឡើងនូវ SCO។

ប្រទេសចិន ក្នុងនាមជាប្រធានប្តូរវេន SCO បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងធ្វើស៊ីជម្រៅថែមទៀត នូវស្មារតីខាងលើ ហើយនឹងព្យាយាមបង្កើតកុងសង់ស៊ីសនយោបាយជាមួយ នឹងសមាជិកដទៃទៀត ដើម្បីជំរុញសន្ទុះកិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ បង្កើនសំឡេងរួម និងធ្វើសកម្មភាពរួមគ្នាលើបញ្ហាសកលនានា។

ជាងនេះទៅទៀត ចាប់តាំងពីទទួល តំណែងជាប្រធានប្តូរវេន SCO ប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ កំណើនប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន។ ជាក់ស្តែង ព្រឹត្តិការណ៍ជាង ១០០ រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមានការទូត ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការពារជាតិ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងកិច្ចប្រជុំកំពូល SCO នាពេលខាងមុខនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន នឹងប្រកាសដាក់ចេញ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ SCO សម្រាប់រយៈពេល ១០ ឆ្នាំ និងគំនិតផ្តួចផ្តើមជាក់ស្តែងនានា ដូចជាកំណើនបៃតង សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងគោលដៅគាំទ្រ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែបង្ហាញអំពីការប្តេជ្ញា ចិត្តឥតងាករេរបស់ចិនចំពោះពហុភាគីនិយម និងការអភិវឌ្ឍសកលក្នុងនាមជាប្រធានប្តូរវេន SCO ទេ តែថែមទាំងបញ្ជូនសញ្ញាដល់សហគមន៍អន្តរជាតិថា SCO គឺជាវេទិកាដែលមានផែនការសកម្មភាពជាក់ស្តែង និងច្បាស់លាស់។ ឈរលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ SCO នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់វិបុលភាពតំបន់ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

លើសពីនេះទៅទៀត តាមរយៈគម្រោង ជាក់ស្តែងខាងលើនេះ SCO មានសក្តានុពលគ្រប់គ្រាន់ ក្នុងការបង្កើតនូវមូលដ្ឋាន សេដ្ឋកិច្ចតំបន់មួយដ៏រឹងមាំ។ នាពេលអនាគត វាត្រូវបានរំពឹងទុកថា សូម្បីតែការចូលទៅកាន់ផ្នែកមួយនៃទីផ្សាររបស់ SCO ដែលក្តោបក្តាប់ GDP សកលជិត ២៥% ក៏នឹងធ្វើឱ្យប្រទេសមួយ ក្នុងតំបន់អឺរ៉ាអាស៊ី អាចធានាបាននូវការពឹង ពាក់ផ្នែកសេដ្ឋកិច្ចដោយខ្លួនឯងផងដែរ។

បើយោងតាមទិន្នន័យរបស់អគ្គរដ្ឋបាលគយចិន ទំហំពាណិជ្ជកម្មរបស់ចិនជាមួយនឹងរដ្ឋសមាជិក SCO បានឈានដល់ ២៩៥,៥៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ២០២៥ ដែលនេះជាទំហំពាណិជ្ជកម្មខ្ពស់បំផុតមិនធ្លាប់មានពីមុនមក និងបង្ហាញឱ្យឃើញពីភាពរស់រវើកនៃសន្ទុះពាណិជ្ជកម្ម និងវឌ្ឍនភាពសេដ្ឋកិច្ចរវាងប្រទេសចិន និងរដ្ឋសមាជិក SCO។ ប្រសិនបើសន្ទុះនេះនៅតែបន្តកើនឡើង នោះសេដ្ឋកិច្ចតំបន់ និងពិភពលោក នឹងកាន់តែមានភាពធន់ និងរឹងមាំថែមទៀត។

ជារួម ក្រោមភាពជាប្រធានប្តូរវេន របស់ប្រទេសចិន កិច្ចប្រជុំកំពូល SCO ឆ្នាំ២០២៥ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំ ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ SCO ដែលនឹងចាក់បញ្ចូលនូវកម្លាំងសន្ទុះថ្មីដល់ស្ថិរភាពតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ នឹងក្លាយទៅជាភាគលាភសម្រាប់តំបន់ និងពិភពលោក ជាពិសេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៕
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top