ព័ត៌មានអន្តរជាតិ

អតីតប្រធានសភា អ៊ុយក្រែន ត្រូវបានបាញ់សម្លាប់

RT News

កៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា អតីតប្រធានសភាអ៊ុយក្រែន លោក Andriy Parubiy ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ នៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ។

ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់អ្នកនយោបាយអាយុ ៥៤ ឆ្នាំនៅនឹងកន្លែង។  សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសកំពុងតាមស្វែងរកជនសង្ស័យ ដែលក្លែងខ្លួនជាអ្នកដឹកជញ្ជូន ហើយបានរត់គេចខ្លួនដោយម៉ូតូអគ្គិសនី។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានថ្កោលទោស ការសម្លាប់នេះថាជា “ឃាតកម្មដ៏សាហាវ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានសរសេរនៅលើវេទិកាសង្គម X ថា “កងកម្លាំង និងមធ្យោបាយចាំបាច់ទាំងអស់ ត្រូវបានចូលរួមនៅក្នុងការស៊ើបអង្កេត និងស្វែងរកឃាតករ” ។

Parubiy គឺជាឥស្សរជនឈានមុខគេ ក្នុងចលនាតវ៉ាឆ្នាំ ២០០៤ និង ២០១៤ របស់ប្រទេសអ៊ុយក្រែន ហើយបានបម្រើការជាលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ក្នុងរយៈពេលខ្លី។  អតីត​ប្រធានាធិបតី​អ៊ុយក្រែន​លោក Petro Poroshenko បាន​ហៅ​ការ​ធ្វើ​ឃាត​នេះ​ថា​ជា​ការ​បាញ់​ចំ​បេះដូង​អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top