មេដឹកនាំប្រទេសកូរ៉េខាងជើង ចាកចេញពីប្រទេសតាមរថភ្លើងពិសេស ឆ្លងព្រំដែនចូលទៅក្នុងប្រទេសចិន

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានចាកចេញពីប្រទេស ហើយឆ្លងព្រំដែនចូលទៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មាន NHK របស់ជប៉ុន ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ថា លោក គីម បានចាកចេញពីប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ តាមរថភ្លើងពិសេស ដើម្បីចូលរួមព្រឹត្តិការណ៍នានា រួមទាំងការដង្ហែក្បួនយោធាទ្រង់ទ្រាយធំនៅទីក្រុងប៉េកាំង។ មន្ត្រីចិននិយាយថា ក្បួនដង្ហែនៅថ្ងៃពុធនេះ គឺដើម្បីប្រារព្ធខួបលើកទី 80 នៃជ័យជម្នះរបស់ចិនលើប្រទេសជប៉ុន នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។

លោក គីម ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីគណបក្សពលករ និងរដ្ឋាភិបាលដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើង។ រូបថតពីរថភ្លើងបង្ហាញថា លោក គីម ជុងអ៊ុន កំពុងនិយាយជាមួយ លោក Choe និងមន្ត្រីផ្សេងទៀតនៅក្នុងអ្វីដែលមើលទៅ ដូចជាកាប៊ីនការិយាល័យរបស់រថភ្លើង។
ដំណើរទស្សនកិច្ចនេះជាលើកដំបូងរបស់លោក Kim ទៅកាន់ប្រទេសចិន ចាប់តាំងពីខែមករា ឆ្នាំ ២០១៩។
ទោះបីជាមន្ត្រីមិនបានបង្ហាញពីដំណើររបស់លោកគីមក៏ដោយ ប៉ុន្តែមេដឹកនាំត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping បន្ទាប់ពីបានមកដល់ទីក្រុងប៉េកាំង។
ជាក់ស្តែងលោក Kim សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយកែលម្អទំនាក់ទំនងរបស់ ប្រទេសលោកជាមួយប្រទេសចិន។ អ្នកជំនាញខ្លះនិយាយថា ទំនាក់ទំនងមានភាពតានតឹងក្នុងពេលថ្មីៗនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
