វ៉េណេស៊ុយអេឡា ប្រឈមមុខនឹង ការគំរាមកំហែងដ៏ធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេល ១០០ឆ្នាំ ចំពេលមានការបង្កើន វត្ដមានកងទ័ពជើង ទឹកអាមេរិក

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានឲ្យដឹងថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹង “ការគំរាមកំហែងដ៏ធំបំផុត ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ” នៅពេលដែលសហរដ្ឋអាមេរិក បង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅជិតដែនទឹករបស់ប្រទេសលោក។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ម៉ាឌូរ៉ូ បានហៅសហរដ្ឋអាមេរិកថា ជាទង្វើមិនសមហេតុផល និងជា “ការគំរាមកំហែងឧក្រិដ្ឋកម្មទាំងស្រុង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា នាវាកងទ័ពជើងទឹកអាមេរិកចំនួន ៨គ្រឿងដែលផ្ទុកកាំជ្រួចមីស៊ីលចំនួន ១,២០០ និងនាវាមុជទឹកនុយក្លេអ៊ែរមួយបានកំពុងតម្រង់គោលដៅទៅកាន់ប្រទេសវេណេស៊ុយអេឡា។
លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានបង្កើននូវអ្វីដែលពួកគេហៅថា “សម្ពាធអតិបរមា” នៅពេលនេះ តាមរយៈមធ្យោបាយយោធា ហើយជាការឆ្លើយតប វេណេស៊ុយអេឡាបានប្រកាស ត្រៀមខ្លួនជាស្រេច ដើម្បីការពារប្រទេសជាតិ។
លោកបានទទូចថា វេណេស៊ុយអេឡា នឹងមិនទទួលយក “ការបង្ខូចកេរ្តិ៍ឈ្មោះ និងការគំរាមកំហែង” ដោយបន្ថែមថា ប្រទេសនេះមានសន្តិភាព ប៉ុន្តែនឹងប្រយុទ្ធ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើត្រូវបានវាយប្រហារ។
នៅក្នុងនោះដែរលោកបានប្រកាសកម្មវិធីទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលជនស៊ីវិល និងបង្កើតអង្គភាពប្រយុទ្ធរបស់កងជីវពលសហគមន៍ ដើម្បីពង្រឹង ការការពារប្រទេស ៕
