ថៃ ប្តូរឧត្តមសេនីយ៍ ប៊ុនស៊ិន បាតក្លាង ចេញពីមេបញ្ជាការភូមិភាគ២

បាងកក ៖ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។
សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ២, ឧត្តមសេនីយ៍ Woratep Bunya មេបញ្ជាការរងយោធភូមិភាគទី៣ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ៣, ឧត្តមសេនីយ៍ Norathip Poynok មេបញ្ជាការរងយោធភូមិភាគទី៤ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ៤។
គួរបញ្ជាក់ថា ក្រៅពីនេះ ឧត្តមសេនីយ៍ Pairot Fuangchan អគ្គលេខាធិការកងទ័ពជើងទឹកថៃ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងទ័ពជើងទឹក ខណៈមេបញ្ជាការរងកងទ័ពអាកាស ឧត្តមសេនីយ៍ Seksan Kantha ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពអាកាស។ ចំណែក ឧត្តមសេនីយ៍ Tharapong Malakham អគ្គលេខាធិការរងក្រសួងការពារជាតិ ត្រូវបានដំឡើងឋានៈជា អគ្គលេខាធិការក្រសួងការពារជាតិ ហើយឧត្តមសេនីយ៍ Ukridt Buntanont មេបញ្ជាការរងកងកម្លាំងការពារជាតិ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងកម្លាំងការពារជាតិ៕
