ជប៉ុន និងអូស្ត្រាលី យល់ព្រមពង្រីកកិច្ច សហប្រតិបត្តិការសន្តិសុខ ចំពេលមានការព្រួយបារម្ភ លើឥទ្ធិពលរបស់ចិន

តូក្យូ៖ ប្រទេសជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នា នៅទីក្រុងតូក្យូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងវិស័យដូចជា បរិក្ខារការពារជាតិ និងសន្តិសុខតាមអ៊ីនធឺណិត ក្នុងអំឡុងពេលកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេស និង ក្រសួងការពារជាតិរបស់ពួកគេ ខណៈពេលដែលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអះអាងផ្នែកយោធា របស់ចិននៅក្នុងតំបន់។
ដោយប្តេជ្ញាបង្កើននូវអ្វីដែលពួកគេហៅថាជា “ភាពជាដៃគូយុទ្ធសាស្ត្រពិសេស” រដ្ឋមន្ត្រីបានស្វាគមន៍ជម្រើសថ្មីរបស់អូស្ត្រាលីនៃការរចនាជប៉ុន សម្រាប់កងនាវាចម្បាំង នាពេលអនាគតរបស់ខ្លួន ហើយបានសន្យាពង្រឹងការទប់ស្កាត់ជាសមូហភាពនៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ បន្ទាប់ពីអ្វីដែលគេហៅថាការចរចាពីរបូកពីរ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងបានទទួលស្គាល់ការតម្រឹមយុទ្ធសាស្ត្រ ដែលមិនធ្លាប់មានពីមុនមករបស់យើង ឆន្ទៈរួម និងសមត្ថភាពដើម្បីដើរតួនាទីឈានមុខគេក្នុងការសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។
កិច្ចចរចាពីរបូកពីរដែលបានធ្វើឡើង ជាលើកទី១២ និងលើកទី១ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ បានធ្វើឡើងនៅពេលដែលប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងរបស់ពួកគេតាមរយៈសមយុទ្ធរួមញឹកញាប់ជាងមុនក្រោមកិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមករវាងកងកម្លាំងការពាររបស់ពួកគេដែលបានចូលជាធរមានក្នុងឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះមានការចូល រួមពីរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងរដ្ឋមន្ត្រីការពារជាតិ Gen Nakatani ព្រមទាំងសមភាគីអូស្ត្រាលី រៀងៗខ្លួនគឺលោកស្រី Penny Wong និង លោក Richard Marles៕
ប្រែសម្រួល ឈូក បូរ៉ា
