កូរ៉េខាងត្បូង ប្រកាសថ្កោលទោស យ៉ាងខ្លាំង ចំពោះការចាប់ឃាត់ខ្លួន ពលរដ្ឋរបស់ខ្លួននៅអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTកូរ៉េខាងត្បូង បានធ្វើការតវ៉ាបន្ទាប់ពីអាជ្ញាធរអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិកបានឃុំខ្លួនកម្មករ រាប់រយនាក់នៅឯរោងចក្រផលិតរថយន្ត អគ្គិសនីរបស់ក្រុមហ៊ុន Hyundai ក្នុងរដ្ឋ Georgia។
ប្រតិបត្តការវាយឆ្មក់នេះ បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍នៅឯការដ្ឋាន សាងសង់រោងចក្រអាគុយមួយនៅ Bryan County ក្បែរ Savannah ដែលជាក្រុមហ៊ុន បណ្តាក់ទុនរួមគ្នារវាង Hyundai Motor Group និង LG Energy Solution ដែលមានបុគ្គលិកប្រហែល១,២០០ នាក់ ។
ការស៊ើបអង្កេតដែលធ្វើឡើង ដោយសន្តិសុខមាតុភូមិអាមេរិក (HSI) បាននិយាយថា ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេត លើការអនុវត្តការងារ ខុសច្បាប់ដែលកំពុងដំណើរការនៅក្នុងប្រទេសអាមេរិក។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយថា ប្រហែល៣០០ នាក់នៃអ្នកដែលត្រូវបានឃុំខ្លួន គឺសុទ្ធតែជាជនជាតិកូរ៉េខាងត្បូង រួមទាំងបុគ្គលិកនៃក្រុមហ៊ុនដៃគូ ដែលមកធ្វើទស្សនកិច្ចអាជីវកម្មផងដែរ។
គួរឲ្យដឹងដែរថាមនុស្សជាច្រើន ត្រូវបានគេរាយការណ៍ថា បានចូលសហរដ្ឋអាមេរិក ក្នុងទិដ្ឋាការអាជីវកម្មរយៈពេលខ្លី ឬក្រោមកម្មវិធីលើកលែងទិដ្ឋាការ ប៉ុន្តែអាជ្ញាធរអន្តោប្រវេសន៍បានសន្និដ្ឋានថា សកម្មភាពរបស់ពួកគេនៅកន្លែងនោះ មិនត្រូវគ្នានឹងគោលបំណង នៃការស្នាក់នៅ របស់ពួកគេនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
