លោក ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀម ខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកការដាក់ទណ្ឌកម្ម ដំណាក់កាលទី២ ប្រឆាំងនឹងរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សេតវិមានអាមេរិក បានត្រៀមខ្លួនរួច ជាស្រេច ដើម្បីឆ្ពោះទៅរកការដាក់ទណ្ឌកម្ម ដំណាក់កាលទីពីរប្រឆាំង នឹងប្រទេសរុស្ស៊ី ចំពេលមានការជាប់គាំងកិច្ច ចរចាសន្តិភាព ដើម្បីបញ្ឈប់វិបត្តិនៅអ៊ុយក្រែន ។
នៅពេលត្រូវបានសួរ ដោយអ្នកសារព័ត៌មានថា តេីលោកបានត្រៀមខ្លួនដើម្បីផ្លាស់ទីទៅ “ដំណាក់កាលទីពីរនៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី” នៅពេលលោកចាកចេញពីសេតវិមាន ទៅទីក្រុងញូវយ៉កនោះ លោក ដូណាល់ ត្រាំ បានឆ្លើយថា បាទខ្ញុំបានត្រៀមរួចហេីយ ប៉ុន្ដែលោកមិនបានបញ្ជាក់លម្អិតនោះទេ។
សារព័ត៌មាន NBC News បានរាយការណ៍ កាលពីសប្តាហ៍មុនថា លោក ដូណាល់ ត្រាំ កាន់តែមានទុទិដ្ឋិនិយមកាន់តែខ្លាំងឡើង អំពីឱកាសនៃការបញ្ចប់ ជម្លោះនៅពេលណាមួយឆាប់ៗនេះ ឬឃើញប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែនជួបគ្នាដោយផ្ទាល់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា អគារដ៏សំខាន់មួយនៅក្នុង សង្កាត់រដ្ឋាភិបាលរបស់ទីក្រុងគៀវ ត្រូវបានវាយប្រហារអំឡុង ពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី ពេញមួយយប់រហូតដល់ព្រឹកថ្ងៃអាទិត្យ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បានឧ្យដឹងថា វាជាលើកដំបូងចាប់ តាំងពីការចាប់ផ្តើម នៃជម្លោះដែលអគាររដ្ឋាភិបាល សំខាន់នៅក្នុងទីក្រុងគៀវ ត្រូវបានខូចខាត ៕
ប្រែសម្រួល ឈូក បូរ៉ា
