លោក Donald Trump រិះគន់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើមេដឹកនាំក្រុម ហាម៉ាស់ ក្នុងបរិវេណទីក្រុង Doha និងថា ប្រទេសកាតាជាសម្ព័ន្ធមិត្ត ដ៏រឹងមាំ របស់សហរដ្ឋអាមេរិក

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើក្រុម ហាម៉ាស់ ក្នុងបរិវេណទីក្រុង Doha ប្រទេសកាតា ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្ត ធ្វើប្រតិបត្តិការវាយប្រហារ នៅក្នុងប្រទេសកាតា ត្រូវបានធ្វើឡើងដោយឯកតោភាគី ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមិនមែនដោយទីក្រុងវ៉ាស៊ីនតោននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល ប្រហែល ១៥ គ្រឿងបានបាញ់យ៉ាងតិច ១០គ្រាប់ក្នុងអំឡុងពេលប្រតិបត្តិការកាលពីថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ថាបានសម្លាប់សមាជិកក្រុមហាម៉ាស់ជាច្រើននាក់ រួមទាំងកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ Khalil al-Hayya ផងដែរ។ ក្រុមហាម៉ាស់បាននិយាយថា ថ្នាក់ដឹកនាំកំពូលរបស់ខ្លួនបានរួចផុតពីការវាយប្រហារ ដែលក្រុមនេះបានពិពណ៌នាថា ជាការប៉ុនប៉ងធ្វើឃាតអ្នកចរចាដែលកំពុងធ្វើការលើដំណោះស្រាយដ៏មានសក្តានុពលមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីថ្ងៃអង្គារនៅលើ Truth Social លោក Trump បាននិយាយថា ការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលនៅខាងក្នុង “ប្រទេសដែលមានអធិបតេយ្យមួយ និងសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក” មិនបាន “ជំរុញគោលដៅរបស់អ៊ីស្រាអែល ឬអាមេរិក” នោះទេ។
លោកបានសរសេរថា “ខ្ញុំចាត់ទុកកាតា ជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាមិត្តរបស់សហរដ្ឋអាមេរិក ហើយមានអារម្មណ៍មិនល្អ ចំពោះទីតាំងនៃការវាយប្រហារ” ដោយលោក សង្កត់ធ្ងន់ថា ការវាយប្រហារនេះគឺជា “ការសម្រេចចិត្តដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រី Netanyahu វាមិនមែនជាការសម្រេចចិត្តដែលធ្វើឡើងដោយខ្ញុំទេ”៕
ប្រែសម្រួលៈ ណៃ តុលា
