ប្រទេសប៉ូឡូញ នឹងបិទព្រំដែន ជាមួយបេឡារុស្ស ដោយលើកឡើង ពីបញ្ហាសន្ដិសុខជាតិ

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងបិទទាំងស្រុងព្រំដែនរបស់ខ្លួន ជាមួយបេឡារុស្ស ចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Tusk បានឲ្យដឹងនៅមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃអង្គារថា “សម្រាប់ហេតុផលសន្តិសុខជាតិ យើងនឹងបិទព្រំដែនជាមួយប្រទេសបេឡារុស្ស រួមទាំងផ្លូវដែកឆ្លងកាត់ នៅថ្ងៃព្រហស្បតិ៍ពាក់កណ្តាលអធ្រាត្រ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ” ។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ ការបិទនឹងអនុវត្តចំពោះផ្លូវឆ្លងកាត់ទាំងអស់ ជាពិសេសផ្លូវដែក។
ជាការឆ្លើយតប បេឡារុស្ស បានតវ៉ា ចំពោះការសម្រេចចិត្តរបស់ប៉ូឡូញ ក្នុងការបញ្ឈប់ការឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃសមយុទ្ធយោធា រុស្ស៊ី-បេឡារុស្ស Zapad-2025 នេះបើយោងតាមក្រសួងការបរទេសបេឡារុស្ស កាលពីថ្ងៃអង្គារ។
ភាគីបេឡារុស្ស បានកោះហៅភារធារីប៉ូឡូញ Krzysztof Ozanna នៅទីក្រុង Minsk ហើយបានចេញការតវ៉ាដោយពាក្យសំដីចំពោះការសម្រេចចិត្ដនេះ។ ក្រសួងការបរទេសបេឡារុស្សបានឲ្យដឹងថា វិធានការឯកតោភាគីរបស់ប៉ូឡូញ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ព្រំដែនសហភាពអឺរ៉ុប និងបេឡារុស្សទាំងមូល ដោយរំខានដល់ចលនារបស់មនុស្ស និងទំនិញផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
