មហាសេដ្ឋីអាមេរិក លោក Elon Musk ហៅក្រុមឆ្វេងនិយម ជា “បក្សនៃឃាតកម្ម” បន្ទាប់ពីការបាញ់សម្លាប់លោក Charlie Kirk

បរទេស៖ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk បានចោទក្រុមឆ្វេងនិយមជ្រុល ពីការជំរុញនិន្នាការ ដែលលើកទឹកចិត្តឱ្យមាន អំពើហឹង្សាប្រឆាំងនឹងពួកអភិរក្សនិយម ដោយហៅការបាញ់សម្លាប់នេះថាជា “បក្សនៃឃាតកម្ម” បន្ទាប់ពីការបាញ់សម្លាប់ លោក Charlie Kirk សកម្មជន និងជាអ្នកមានឥទ្ធិពល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Elon Musk បានកើតឡើងនៅពេលដែលគណបក្សប្រជាធិបតេយ្យឈានមុខគេ រួមទាំងអតីតប្រធានាធិបតី Joe Biden , អនុប្រធានាធិបតី លោកស្រី Kamala Harris, មេដឹកនាំសំឡេងភាគតិចលោក Hakeem Jeffries និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការវាយប្រហារនេះ ហើយប្រកាសថា “នយោបាយ” និង “អំពើហិង្សាដោយកាំភ្លើង” មិនមានកន្លែងនៅក្នុងសហរដ្ឋអាមេរិកទេ។
សកម្មជន និងជាអ្នកមានឥទ្ធិពល អាយុ ៣១ឆ្នាំរូបនេះ ត្រូវបានបាញ់ចំកញ្ចឹងក ខណៈពេលកំពុងសួរសំណួរ ពីអ្នកចូលរួមនៅបរិវេណសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធ ។ អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងដែលសង្ស័យ បានបាញ់ពីលើដំបូល ក្នុងចម្ងាយឆ្ងាយ។ ឃាតក ត្រូវបានឃាត់ខ្លួន ប៉ុន្តែអត្តសញ្ញាណគឺមិនទាន់ ត្រូវបានគេបញ្ចេញឱ្យដឹងនៅឡើយទេ ។
លោក Musk បានសរសេរនៅក្នុងការបង្ហោះនៅលើ X ដោយបានបន្ទរការអះអាង យ៉ាងទូលំទូលាយពីសម្ព័ន្ធមិត្ត របស់គណបក្សសាធារណរដ្ឋ ដែលអះអាងថា វោហាសាស្ត្រ និងសាច់រឿងរបស់គណបក្ស ប្រជាធិបតេយ្យ បានជំរុញឱ្យមានអរិភាពជាយូរមកហើយ ចំពោះឥស្សរជនអភិរក្សនិយម។
អ្នកអត្ថាធិប្បាយនយោបាយ លោក Mike Cernovich បានឆ្លើយតបថា “មិនត្រឹមតែ “ឆ្វេង” ប៉ុណ្ណោះទេ វាគឺជាមនុស្ស ដែលផ្តល់មូលនិធិដល់ពួកគេ។ ដូចជា មហាសេដ្ឋី Soros, Bill Gates, និង Reid Hoffman ។
លោក Musk ក៏បានគាំទ្រការបង្ហោះមួយទៀតដែលអះអាងថា “ប្រព័ន្ធផ្សព្វផ្សាយនិយមឆ្វេងនិយម ក៏ដូចជាតួរអង្គដូចជា Gavin Newsom ដែលអះអាងថា លោក Trump គ្រោងធ្វើជាជនផ្តាច់ការ បានបង្កើតបរិយាកាស នៃការញុះញង់ប្រឆាំង នឹងឥស្សរជនស្តាំនិយម ដែលអាចបំផ្លិចបំផ្លាញមនុស្ស មិនស្ថិតស្ថេរមួយចំនួនឱ្យចូលរួមក្នុងអំពើហឹង្សានយោបាយ”៕
ប្រែសម្រួលៈ ណៃ តុលា
