ព័ត៌មានអន្តរជាតិ

កប៉ាល់របស់យោធាចិន បាញ់កាណុងទឹក ដាក់កប៉ាល់ហ្វីលីពីន នៅជិតតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង

បរទេស៖ ឆ្មាំសមុទ្ររបស់ចិននៅថ្ងៃអង្គារ បានបាញ់កាណុងបាញ់ទឹក ដាក់កប៉ាល់ហ្វីលីពីន នៅជិតតំបន់ជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង ដោយចោទកប៉ាល់ហ្វីលីពីនពីការឈ្លានពាន “ខុសច្បាប់” និងការវាយលុកនាវាមួយរបស់ខ្លួន។

យោងតាមសារព័ត៌មាន ARAB NEWS ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រឈមមុខដាក់គ្នានេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានអនុម័តផែនការដើម្បីប្រែក្លាយច្រាំងថ្មចោទ ទៅជាតំបន់បម្រុងធម្មជាតិជាតិ ការផ្លាស់ប្តូរដែលអ្នកវិភាគការពារជាតិបានព្រមានថា នឹងសាកល្បងការឆ្លើយតបរបស់ទីក្រុងម៉ានីលលើខ្សែសង្វាក់ថ្មប៉ប្រះទឹក និងថ្មរាងត្រីកោណទំហំ 150 គីឡូម៉ែត្រការ៉េ។

ភាពតានតឹងនៅតំបន់ទឹករាក់ បាននាំឱ្យមានជម្លោះការទូតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនមានឧប្បត្តិហេតុណាមួយកើនឡើងដល់ជម្លោះប្រដាប់អាវុធនៅកន្លែងនោះទេ។

ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបង្កហេតុ និងការបំពាននៅក្នុងឧប្បត្តិហេតុដែលបង្ហាញពីការប្រើប្រាស់កាណុងបាញ់ទឹក ការជិះកប៉ាល់ចេញបំបុក និងការបើកនាវាដោយឆ្មាំសមុទ្ររបស់ប្រទេសចិន ដែលហ្វីលីពីនចាត់ទុកថាជាការចូលមកជិតដ៏គ្រោះថ្នាក់ ក៏ដូចជាយន្តហោះដែលហោះមកជិតនឹងយន្តហោះហ្វីលីពីន។

លោក Gan Yu អ្នកនាំពាក្យរបស់ឆ្មាំសមុទ្រចិន បាននិយាយថា ការប៉ះគ្នានៅថ្ងៃអង្គារនេះ ពាក់ព័ន្ធនឹងកប៉ាល់ហ្វីលីពីនជាង 10 គ្រឿង ដោយចោទប្រកាន់នាវាទាំងនោះថាបាន “ចូលលុកលុយដោយខុសច្បាប់ក្នុងដែនទឹករបស់ចិននៃតំបន់ Scarborough Shoal ពីទិសដៅផ្សេងៗគ្នា” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top