ព័ត៌មានអន្តរជាតិ

អឺរ៉ុប​ ថ្កោលទោសការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងប្តេជ្ញាដាក់ទណ្ឌកម្ម

ព្រុចសែល៖​ លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប​ បានថ្កោលទោសការវាយលុកដោយដីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដោយព្រមានថា​ វានឹងធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងនិងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែស៊ីជម្រៅ។

លោកស្រី​ Kallas បានសរសេរនៅលើ X ថា “ការវាយលុកលើដីរបស់អ៊ីស្រាអែលនៅហ្គាហ្សា​ នឹងធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់ទៅៗ” ដោយបន្ថែមថា​ វានឹងមានន័យថា​ មានការស្លាប់ ការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅកាន់តែច្រើន។

លោកស្រីបានលេីកឡេីងថា គណៈកម្មការអឺរ៉ុប​នឹងបង្ហាញវិធានការនៅថ្ងៃពុធ ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល​ ឱ្យផ្លាស់ប្តូរផ្លូវ រួមទាំងការផ្អាកសម្បទានពាណិជ្ជកម្ម និងការដាក់ទណ្ឌកម្មរដ្ឋមន្ត្រីជ្រុលនិយម និងអ្នកតាំងលំនៅដោយហិង្សា។

ការអត្ថាធិប្បាយរបស់លោកស្រី​ បានកើតឡើងនៅពេលដែលគណៈកម្មការរបស់អង្គការសហប្រជាជាតិ​ បានសន្និដ្ឋានថាអ៊ីស្រាអែល​ កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន​ នៅតំបន់ហ្គាហ្សា ហើយបានជំរុញឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ បានឧ្យដឹងនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលបានចាប់ផ្តើម “ប្រតិបត្តិការដ៏ខ្លាំងក្លា” នៅទីក្រុងហ្គាហ្សា។ 

អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានរាយការណ៍ថា មនុស្សយ៉ាងតិច ៣៧ នាក់បានស្លាប់ និងរាប់សិបនាក់បាត់ខ្លួននៅក្នុងទីក្រុង ដោយមានអ្នកស្លាប់ចំនួន ៤ នាក់ទៀតនៅកន្លែងផ្សេងទៀត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top