កាត់ទោសអតីតមេបញ្ជាការទ័ពជើងទឹកអាមេរិកម្នាក់ ក្រោយរកឃើញថា មានទទួលសំណូកពីក្រុមហ៊ុនឯកជន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានប្រកាសថា ឧត្តមនាវីទោ Robert Burke ដែលជាមន្ត្រីយោធាចូលនិវត្តន៍ របស់កងទ័ពជើងទឹកអាមេរិកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងពិន័យជាប្រាក់យ៉ាងច្រើនសម្រាប់ទោសនៃការសូកប៉ាន់។
ប្រភពដដែលបានសរសេរទៀតថាបុរសអាយុ ៦២ឆ្នាំរូបនេះត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទផ្តល់កិច្ចសន្យារដ្ឋាភិបាលដល់ក្រុមហ៊ុនមួយជាថ្នូរនឹង ការងារនាពេលអនាគតជាមួយនឹងក្រុមហ៊ុននេះ។
អតីតឧត្តមនាវីឯកផ្កាយបួន ធ្លាប់ជាមន្ត្រីមានឋានៈខ្ពស់បំផុតទី២ នៅក្នុងកងទ័ពជើងទឹក ដែលបញ្ជាកងកម្លាំងរបស់ខ្លួននៅអឺរ៉ុប និងអាហ្វ្រិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ព្រះរាជអាជ្ញាបាននិយាយថា នៅក្នុងខែឧសភា គណៈវិនិច្ឆ័យបានរកឃើញថាលោក Burke មានពិរុទ្ធពីបទសូកប៉ាន់ និងការសមគំនិត និងឧក្រិដ្ឋកម្មពាក់ព័ន្ធជាច្រើនទៀត។
យោងតាមឯកសារនោះ ឧត្តមនាវីឯកបានប្រើតួនាទីរបស់គាត់ដើម្បីធានាថា ក្រុមហ៊ុនដែលត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា ទទួលបានកិច្ចសន្យារបស់រដ្ឋាភិបាល សម្រាប់ការផ្តល់ការបណ្តុះបណ្តាលកម្លាំងការងារ ដល់បុគ្គលិកកងទ័ពជើងទឹកក្នុងឆ្នាំ២០២១។ កិច្ចសន្យាដែលមានតម្លៃរាប់លានដុល្លារពីមុន ជាមួយក្រុមហ៊ុនត្រូវបានបញ្ចប់កាលពី២ឆ្នាំមុន៕
ប្រែសម្រួល៖ ស៊ុន លី
