លោក ដូណាល់ ត្រាំថា ប្រទេសដែលជាសមាជិកអង្គការណាតូ អាចបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីបាន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅពេលសួរថាតើរដ្ឋណាតូ គួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាសរបស់ពួកគេដែរឬទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកត្រូវបានគេសួរសំណួរនេះ ក្នុងសន្និសីទសារព័ត៌មានរួមជាមួយ មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារ។ នៅពេលនោះ លោក ត្រាំ បានឆ្លើយតបថា “Yes បាន” ។
ប្រទេសអេស្តូនី ដែលជាសមាជិកបាល់ទិកនៃប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានអះអាងថាយន្តហោះ MIG-31 របស់រុស្ស៊ីចំនួនបីគ្រឿងបានរំលោភ លើដែនអាកាសរបស់ខ្លួន។ ចំណែកទីក្រុងមូស្គូបានច្រានចោលការអះអាងនេះ ដោយនិយាយថា យន្តហោះទាំងនោះមិនបានងាកចេញពីផ្លូវហោះហើរធម្មតារបស់ពួកគេទេ ហើយបានលើកហេតុផលថា អង្គការណាតូ គឺ ខ្វះភស្តុតាងលើការចោទប្រកាន់នេះ។
ប្រទេសអេស្តូនី បានអំពាវនាវឱ្យមានការពិគ្រោះយោបល់ ជាបន្ទាន់ជាមួយសមាជិកប្លុកក្រោមមាត្រា 4 ណាតូ ដែលអនុញ្ញាតឱ្យសមាជិកស្វែងរកការពិភាក្សា ប្រសិនបើពួកគេជឿថា សន្តិសុខ ឬបូរណភាពទឹកដីរបស់ពួកគេត្រូវបានគំរាមកំហែង។ សមាជិក Bloc បានប្រជុំនៅទីក្រុង Brussels កាលពីថ្ងៃអង្គារ៕
ប្រែសម្រួលៈ ណៃ តុលា



