រួមគ្នាពិភាក្សាពីសន្តិភាពនិងស្វែងរកការអភិវឌ្ឍ! ព្រឹត្តិការណ៍ប្រធានបទចិនស្តីពីការអបអរសាទរខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិនិងជាពិព័រណ៍ភាពយន្ត និងរូបថតយុវជនពិភពលោកឈ្មោះ “ផ្ទះតែមួយ” បានចាប់ដំណើរការ

ព្រឹត្តិការណ៍ប្រធានបទចិនស្តីពីការអបអរសាទរខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិនិងជាពិព័រណ៍ភាពយន្ត និងរូបថតយុវជនពិភពលោកឈ្មោះ “ផ្ទះតែមួយ”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថាប័នអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានចាប់ដំណើរការនៅថ្ងៃទី២៣ ខែកញ្ញា។

លោក ShenHaixiong អនុប្រធានក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក ShenHaixiong បានថ្លែងថា ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិបានរួមចំណែកដែលមិនអាចលុបបំបាត់បានក្នុងការរក្សាសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍសកលនិងជំរុញកិច្ចសន្ទនាខាងអរិយធម៌។ ប្រទេសចិនបានបំពេញកាតព្វកិច្ចយ៉ាងស្មោះត្រង់ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដោយបង្ហាញយ៉ាងពេញលេញនូវការរ៉ាប់រងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនៃប្រទេសធំដែលមានទំនួលខុសត្រូវ។ ក្នុងនាមជាដៃគូសហប្រតិបត្តិការខាងប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់របស់អង្គការសហប្រជាជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ចិននឹងបន្តតាមដាន និងបញ្ជូនសំឡេងរបស់អង្គការសហប្រជាជាតិទៅកាន់ពិភពលោក ដោយផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវដំណើរការអភិបាលកិច្ចសកល ដើម្បីកសាងស្ពាននិងចំណងមិត្តភាពរវាងប្រទេសចិននិងពិភពលោក។ នៅពេលអនាគត យើងរីករាយបន្តធ្វើការជាមួយអង្គការសហប្រជាជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយុវវ័យនៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិកាន់តែជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន ក៏ដូចជាគាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលយ៉ាងប្រាកដប្រជាផងដែរ៕
