ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនយ៉ាងផុលផុសរំលេចពីភាពឯកោរបស់អាមេរិក និងអ៊ីស្រាអែលដែលមិនធ្លាប់មានកាលពីមុន

គិតរហូតដល់ថ្ងៃទី២៣ ខែកញ្ញា តាមម៉ោងក្រុងប៉េកាំង ក្នុងចំណោមរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិចំនួន១៩៣ មានរដ្ឋសមាជិកចំនួន១៥២បានប្រកាស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយឡែកក្នុងចំណោមរដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ មានតែអាមេរិកតែមួយគត់ដែលនៅមិនទាន់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដូច្នេះ ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនយ៉ាងផុលផុសលើកនេះ ធ្វើឱ្យអាមេរិកនិងអ៊ីស្រាអែលធ្លាក់ក្នុងភាពឯកោនៃកិច្ចការទូតក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ។
បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,២ភាគរយសម្គាល់ឃើញថា ការអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ជាច្រកចេញតែមួយគត់សម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន ហើយក៏ជាច្រកចេញជាមូលដ្ឋានសម្រាប់សម្រេចបាននូវសន្តិភាពនៅមជ្ឈិមបូព៌ាផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៨ភាគរយសម្គាល់ឃើញថា ការបង្កើត “រដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដែលចាត់ទុកបន្ទាត់ព្រំដែននៅឆ្នាំ១៩៦៧ជាមូលដ្ឋាន ចាត់ទុកក្រុងហ៊េ្សរុយសាឡិមខាងកើតជារដ្ឋធានី និងមានអធិបតេយ្យពេញលេញ ” ជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ។
ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨ភាគរយបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើហិង្សារបស់អ៊ីស្រាអែល ដោយសម្គាល់ឃើញថា អ៊ីស្រាអែលត្រូវបញ្ឈប់សកម្មភាពយោធានៅតំបន់ហ្កាហ្សាភ្លាមៗ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣,៦ភាគរយសម្គាល់ឃើញថា អាមេរិកបានបណ្តែតបណ្តោយឱ្យអ៊ីស្រាអែលបង្កឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ។
ការស្ទង់មតិលើកនេះ ធ្វើឡើងតាមរយៈវេទិការបស់CGTN ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកផ្តល់បទសម្ភាសន៍ចំនួន១២១០៤នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិយោបល់ផងដែរ ៕
