ភាពយន្តរឿង «៧៣១»ញុះញង់ឱ្យមានការចងគំនុំឬទេ ?

ថ្ងៃទី១៨ ខែកញ្ញា ភាពយន្តរឿង «៧៣១»បានចាប់ផ្តើមចាក់បញ្ចាំងនៅទូទាំងពិភពលោក គ្រាន់តែបួនថ្ងៃ ទំហំសរុបនៃការលក់សំបុត្រភាពយន្តក៏លើសពី១ពាន់លានយាន់ប្រាក់ចិន ។
ក្នុងរោងភាពយន្ត ឈុតឆាកក្នុងភាពយន្តបានបង្ហាញឡើងវិញពីទិដ្ឋភាពពិតប្រាកដនៃទង្វើដ៏ហិង្សានិងឃោរឃៅរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិន រីឯនៅក្រៅរោងកុន មជ្ឈដ្ឋានសាធារណមតិអន្តរជាតិចែកជាពីរពួក ម្ខាងទាមទារឱ្យប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ ការពិតជាក់ស្តែងមិនត្រូវបិទបាំងទេ ។ ម្ខាងទៀតប្រញាប់ច្រានចោលរឿងរ៉ាវក្នុងប្រវត្តិសាស្ត្រ ហើយចាត់ទុកការបំភ្លេចចោលជាការសម្រាលទោស ។
ក្នុងការផ្សព្វផ្សាយអន្តរជាតិ ជប៉ុនបានឃោសនាបំប៉ោងពីរូបភាពខ្លួនជា “អ្នករងគ្រោះ”ជាបន្តបន្ទាប់ ឃោសនាបំប៉ោងសាចុះសាឡើងពីសោកនាដកម្មនៃការទម្លាក់គ្រាប់បែកបរមាណូនៅក្រុងHiroshima និងក្រុងNagasaki ក្នុងចេតនាបន្សាបការពិតនៃប្រវត្តិសាស្ត្រ ដែលខ្លួនបានបំផុសសង្គ្រាមឈ្លានពានប្រទេសចិន កងពលលេខ៧៣១ និងការសម្លាប់រង្គាលនៅក្រុងណានជីងជាដើម ។
ជប៉ុនបំភាន់ការពិតទាំងស្រុង ធ្វើឱ្យស្រពេចស្រពិលនូវចរិតសង្គ្រាមនិងទំនួលខុសត្រូវ ចំណែកអាមេរិកជ្រើសរើសសហការជាមួយជប៉ុនបញ្ចប់សង្គ្រាម តើធ្វើបែបនេះ វាទទួលខុសត្រូវចំពោះអាយុជីវិតរបស់ទាហានអាមេរិកចំនួនជាង២៤០០នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹតិ្តការណ៍ដែលជប៉ុនវាយប្រហារកំពង់ផែ Pearl Harbor ទេ ? នេះមិនមែនជារឿងអវត្តមានរបស់សច្ចភាពនោះទេ តែគឺជាការក្បត់សច្ចភាព គឺជាការជួញដូរដ៏ស្មោកគ្រោករវាងប្រទេសនិងប្រទេស ។
និយាយរួម គោលបំណងដែលយើងរំលឹកឡើងវិញពីប្រវត្តិសាស្ត្រ គឺដើម្បីបញ្ជាក់ពីការពិត ។ យើងរៀបរាប់ពីប្រវត្តិសាស្ត្រ គឺដើម្បីកុំឱ្យផ្សព្វផ្សាយពាក្យភូតកុហក។ យើងប្រកាន់ខ្ជាប់ពីការពិតនៃប្រវត្តិសាស្ត្រ គឺដើម្បីប្រែក្លាយការចងចាំនេះទៅជាទំនួលខុសត្រូវគ្រប់ជំនាន់ ៕
