ព័ត៌មានអន្តរជាតិ

ជប៉ុន​ ជំរុញឱ្យអ៊ីរ៉ង់​ ធ្វេីកិច្ចសហប្រតិបត្តិការពេញលេញម្តងទៀតជាមួយ​ IAEA

Kyodo

តូក្យូ៖​ រដ្ឋមន្ត្រីការបរទេសជប៉ុន Takeshi Iwaya បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការពេញលេញម្តងទៀតជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហើយបន្តការពិភាក្សាជាមួយសហរដ្ឋអាមេរិក នៅពេលដែលលោកបានជួបជាមួយសមភាគីរបស់លោក Abbas Araghchi ។

ក្រសួងការបរទេសរបស់ប្រទេសជប៉ុន​ ដែលបានប្រកាសថា​ សំណើនេះត្រូវបានធ្វើឡើងនៅទីក្រុងញូវយ៉កបានឧ្យដឹងថា​ លោក Iwaya បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការសន្ទនា “ពហុស្រទាប់” រវាងទីក្រុងតូក្យូ និងទីក្រុងតេអេរ៉ង់ ចំពេលមានភាពតានតឹងដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា។

ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Iwaya បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រទេសជប៉ុនសម្រាប់ដំណោះស្រាយការទូត និងបានអំពាវនាវឱ្យទីក្រុងតេអេរ៉ង់​ ចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីជៀសវាងការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិនៅចុងខែនេះ។

ប្រភពបានឧ្យដឹងថាលោក Araghchi បានពន្យល់ពីជំហររបស់អ៊ីរ៉ង់​ លើបញ្ហានុយក្លេអ៊ែរក្នុងអំឡុងពេលកិច្ចប្រជុំដែលបានធ្វើឡើងនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក​ Iwaya បានជួបមុននេះជាមួយអគ្គនាយក IAEA លោក Rafael Grossi និងបានបង្ហាញពីការគាំទ្ររបស់ប្រទេសជប៉ុនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែរក្នុងការបញ្ចុះបញ្ចូលអ៊ីរ៉ង់​ ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top