ប្រធានាធិបតីអ៊ីរ៉ង់ ច្រានចោលចំណាត់ការរបស់អឺរ៉ុប ដើម្បីស្តារទណ្ឌកម្មនុយក្លេអ៊ែរឡេីងវិញ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានច្រានចោលចំណាត់ការរបស់ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ក្នុងការដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយថា វាខ្វះ “ភាពស្របច្បាប់អន្តរជាតិ”។
ថ្លែងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Pezeshkian បានរិះគន់ការសម្រេចចិត្តរបស់មហាអំណាចអឺរ៉ុបកាលពីខែមុន ដើម្បីបន្ដកយន្តការ “snapback” នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនបានបរាជ័យក្នុងការអនុម័តដំណោះស្រាយ ដើម្បីបន្តការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រទេសអ៊ីរ៉ង់ ដោយបានជម្រះផ្លូវសម្រាប់ការ ដាក់ទណ្ឌកម្មត្រឡប់មកវិញនៅចុងខែនេះ។
លោក Pezeshkian បានលេីកឡេីងថា ប្រជាជនអ៊ឺរ៉ុប “បានបរាជ័យក្នុងការគោរពការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ” ហើយឥឡូវនេះកំពុងធ្វើសកម្មភាព “ក្រោមសម្ពាធ និងការបង្ខិតបង្ខំរបស់ទីក្រុងវ៉ាស៊ីនតោន” ។
លោកបានចោទប្រកាន់ពួកគេថា កំពុងស្វែងរក ការបំផ្លាញផែនការ JCPOA ដែលលោកបានកត់សម្គាល់ថា ពួកគេធ្លាប់សាទរថាជា “សមិទ្ធិផលដ៏ធំបំផុតនៃការទូតពហុភាគី” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ មិនដែលស្វែងរកអាវុធនុយក្លេអ៊ែរឡើយ ហើយនឹងមិនធ្វើដូច្នោះឡើយ ដោយលើកឡើងពីក្រឹត្យសាសនារបស់មេដឹកនាំកំពូលលោក Ali Khamenei៕
ប្រែសម្រួល ឈូក បូរ៉ា
