លោក ថាក់ស៊ីន ពីអតីតនាយករដ្ឋមន្រ្តី ប្រទេសថៃ មកជា អ្នកមើលការខុសត្រូវ លើប្រតិបត្តិការ សម្អាតប្រព័ន្ធលូទឹកស្អុយ ក្នុងគុក

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានផ្តល់ការងារ ឱ្យធ្វើនៅក្នុងពន្ធនាគារ ដោយកូនស្រី របស់លោកបានលាតត្រដាង កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ប្រធាននាយកដ្ឋានកែប្រែ បានចាត់ឱ្យឪពុក របស់លោកស្រី ជួយមើលការខុសត្រូវ លើប្រតិបត្តិការសម្អាត ប្រព័ន្ធលូទឹកស្អុយ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំគណបក្សភឿថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីផងដែរនោះ បានពិភាក្សា អំពីកិច្ចការរបស់ឪពុកលោកស្រីគឺលោក ថាក់ស៊ីន អំឡុងពេលលោកស្រីមកកាន់ពន្ធនាគារកណ្តាល Klongprem ក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ។
អ្នកយកព័ត៌មានមកពីទីភ្នាក់ងារ សារព័ត៌មានជាច្រើនបានបន្តប្រមូលផ្តុំគ្នា នៅខាងក្រៅពន្ធនាគារនៅលើផ្លូវ Ngamwongwan ជាងពីរសប្តាហ៍បន្ទាប់ពីលោកថាក់ស៊ីន ត្រូវបាននាំទៅទីនោះ។
តុលាការបានបង្គាប់ឱ្យលោកជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំដែលបានសម្រេចកាលពីពីរឆ្នាំមុន បន្ទាប់ពីបានរកឃើញថា ការស្នាក់នៅរយៈពេល៦ខែរបស់លោកថាក់ស៊ីន ក្នុងមន្ទីរពេទ្យមិនបានបំពេញ តាមលក្ខខណ្ឌនៃការកាត់ទោសរបស់លោក។
