ព័ត៌មានអន្តរជាតិ

បទវិភាគ៖គោលដៅថ្មីអំពីអាកាសធាតុរបស់ចិន បង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំ

“ខ្ញុំប្រកាសថា ការរួមចំណែកដោយម្ចាស់ការជុំថ្មីរបស់ចិន គឺដល់ឆ្នាំ២០៣៥ ក្នុងក្របខណ្ឌសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់ចិន បរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់សុទ្ធនឹងធ្លាក់ចុះពី៧ដល់១០ភាគរយ បើប្រៀបធៀបនឹងកម្រិតកំពូល ហើយខំប្រឹងធ្វើឱ្យបានកាន់តែល្អ”។នៅថ្ងៃទី២៤ខែកញ្ញា លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ ដោយប្រកាសពីគោលដៅមួយចំនួនអំពីការរួមចំណែកដោយម្ចាស់ការជុំថ្មីរបស់ប្រទេសចិន ដែលទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីសហគមន៍អន្តរជាតិ។

ឆ្នាំនេះជាខួបលើកទី៨០នៃការបង្កើតអង្គការសហប្រជាជាតិ ហើយក៏ជាខួបលើកទី១០នៃការឈានដល់«កិច្ចព្រមព្រៀងក្រុងប៉ារីស»ដែរ។ យោងតាមកិច្ចព្រមព្រៀងនេះ បណ្តាភាគីនានាត្រូវដាក់ជូនឯកសារស្តីពីការរួមចំណែកដោយម្ចាស់ការរៀងៗខ្លួនរាល់៥ឆ្នាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃទំនួលខុសត្រូវរួម ប៉ុន្តែមានភាពខុសគ្នា។ ឆ្នាំនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសនីមួយៗដាក់ជូនឯកសារស្តីពីការរួមចំណែកជុំថ្មីដោយម្ចាស់ការផងដែរ។

ការប្តេជ្ញាចិត្តនិងសកម្មភាពរបស់ចិនក្នុងកិច្ចការនេះគឺជាប់លាប់និងពិភពលោកអាចមើលឃើញយ៉ាងច្បាស់។ នៅឯការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ នៅខែកញ្ញាឆ្នាំ២០២០ លោក Xi Jinpingប្រធានរដ្ឋចិនបានប្រកាសយ៉ាងឱឡារិកពីគោលដៅរបស់ប្រទេសចិនស្តីពីការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ នៅខែកញ្ញា៥ឆ្នាំបន្ទាប់ លោកXi Jinpingបានលើកឡើងម្តងទៀតនូវគំនិតផ្តួចផ្តើមស្តីពីការកែលម្អអភិបាលកិច្ចអាកាសធាតុសកល ដោយអំពាវនាវឱ្យភាគីទាំងអស់ “មានជំនឿចិត្តយ៉ាងមុតមាំ” “រ៉ាប់រងកាតព្វកិច្ចនិងមានទំនួលខុសត្រូវ” និង “ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ”។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោកXi Jinpingបានប្រកាសពីគោលដៅមួយចំនួនស្តីពីការរួមចំណែកជុំថ្មីដោយម្ចាស់ការរបស់ចិន ក្នុងនោះ អ្វីដែលមជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់បំផុតគឺប្រទេសចិនបានលើកឡើងជាលើកដំបូងនូវគោលដៅកាត់បន្ថយការបញ្ចេញការបូនដាច់ខាត ព្រមទាំងគ្របដណ្តប់លើក្របខ័ណ្ឌសេដ្ឋកិច្ចទាំងមូលនិងបូករួមទាំងឧស្ម័នពីផ្ទះកញ្ចក់ទាំងអស់។ការធ្វើអភិបាលកិច្ចបែបនេះបានធ្វើជាគំរូល្អសម្រាប់ពិភពលោក ហើយក៏នឹងលើកទឹកចិត្តយ៉ាងខ្លាំងដល់ជំនឿចិត្តរបស់សហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងការប្រឈមនៃបម្រែបម្រួលអាកាសធាតុផងដែរ។

ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និយាយពីឫសគល់ត្រូវពឹងផ្អែកទៅលើការធ្វើតំណែទម្រង់យ៉ាងជ្រះស្រឡះនៃទម្រង់អភិវឌ្ឍន៍។ចាប់ពីបានប្រកាសគោលដៅស្តីពីការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូនកាលពី៥ឆ្នាំមុនមក ប្រទេសចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុត និងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក បានបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីដ៏ធំបំផុត និងពេញលេញបំផុតនៅលើពិភពលោក។ ព្រមពេលជាមួយគ្នានេះ ចិនគាំទ្រយ៉ាងសកម្មឱ្យសហគមន៍អន្តរជាតិសម្រេចការធ្វើបរិវត្តកម្មបៃតង។ យោងតាមស្ថិតិឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសចិនបានផ្តល់និងកៀរគរថវិកាជាង១៧៧ពាន់លានយាន់ប្រាក់ចិន ដើម្បីគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ បច្ចុប្បន្ននេះ ប្រទេសចិនបានដំណើរការគម្រោងសហប្រតិបត្តិការខាងថាមពលបៃតងជាមួយប្រទេស និងតំបន់ជាង១០០។

ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុមិនមែនជាកិច្ចការរបស់ប្រទេសណាមួយទេ វាត្រូវការសកម្មភាពរួមគ្នានៃបណ្តាប្រទេសនានា។ ការពង្រឹងអភិបាលកិច្ចអាកាសធាតុសកល គោលការណ៍នៃទំនួលខុសត្រូវរួមប៉ុន្តែមានភាពខុសគ្នាគឹជាមូលដ្ឋានគ្រឹះ ។ មានតែគ្រប់ភាគីប្រមូលផ្តុំកម្លាំងរួបរួមជាធ្លុងមួយ ទើបអាចសម្រេចបាននូវគោលដៅសំខាន់ៗនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ការឆ្លើយតបយ៉ាងសកម្មរបស់ចិនចំពោះបម្រែបម្រួលអាកាសធាតុនឹងមិនបង្អង់ល្បឿនឡើយ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក៏នឹងមិនកាត់បន្ថយដែរ។ ប្រទេសចិននឹងបន្តធ្វើការជាមួយភាគីទាំងអស់ដើម្បីរ៉ាប់រងទំនួលខុសត្រូវរួម ប៉ុន្តែមានភាពខុសគ្នា ក៏ដូចជាជំរុញការកសាងពិភពលោកប្រកបដោយភាពស្អាត សោភ័ណ្ឌភាពនិងនិរន្តរភាព៕

To Top