ព័ត៌មានអន្តរជាតិ

បទវិភាគ៖ឆ្លងកាត់រយៈពេល៧០ឆ្នាំ ការអភិវឌ្ឍរបស់ភូមិភាគស្វយ័ត Xinjiang បានសរសេរទំព័រដ៏អស្ចារ្យមួយហើយមួយទៀត

កាលពីថ្ងៃទី២៥ ខែកញ្ញា មហាសន្និបាតអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័តវៃវូអឺ Xinjiang បានបើកធ្វើយ៉ាងឱឡារិកនៅក្រុង Wulumuqi ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាតនេះដើម្បីអបអរសាទរជាមួយប្រជាជនគ្រប់ជនជាតិនៃភូមិភាគស្វយ័ត Xinjiang ។

ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះ ភូមិភាគស្វយ័ត Xinjiang សម្រេចបាននូវការលោតផ្លោះជាប្រវត្តិសាស្ត្រពីភាពក្រីក្រដល់វិបុលភាព ពីភាពអន់ថយដល់ភាពរីកចម្រើននិងពីការបិទខ្ទប់ដល់ការបើកទូលាយ ។ មហាសន្និបាតអបអរសាទរលើកនេះបានផ្តល់បង្អួចដ៏សំខាន់មួយសម្រាប់ឱ្យពិភពលោកសង្កេតមើលពីភូមិភាគស្វយ័ត Xinjiang ។

តើភូមិភាគស្វយ័ត Xinjiang បានកើតមានបម្រែបម្រួលជាប្រវត្តិសាស្ត្រយ៉ាងណាក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះ? ទិន្នន័យគឺជាការបញ្ជាក់ផ្ទាល់បំផុត ៖ ផលិតផលក្នុងស្រុកសរុប(GDP)នៃភូមិភាគស្វយ័ត Xinjiangនៅឆ្នាំ២០២៤បានលើសពី២ទ្រីលានយាន់ប្រាក់ចិន ដែលបានសម្រេចកំណើនបែបលោតផ្លោះលើសពី១៦០០ដងបើប្រៀបធៀបនឹងចំនួន១ពាន់២៣១លានយាន់ប្រាក់ចិននៅឆ្នាំ១៩៥៥ ។ គិតមកទល់ចុងឆ្នាំ២០២០ ប្រជាជនក្រីក្រនៅតាមជនបទនៃភូមិភាគស្វយ័ត Xinjiang បានបម្រះខ្លួនចេញផុតពីភាពក្រីក្រទាំងស្រុងដែលកសាងបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅទូទាំងប្រទេសចិន ។ ចំណូលរបស់ប្រជាជនតាមទីក្រុងនិងជនបទនៅឆ្នាំ២០២៤បានកើនឡើងជាង១រយដងបើប្រៀបធៀបនឹងឆ្នាំ១៩៧៨ ។ អាយុពេលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនភូមិភាគ Xinjiang ទាំងមូលបានលើកកម្ពស់ពី៣០ឆ្នាំនៅដំណាំក់កាលដំបូងនៃការរំដោះដល់៧៧ឆ្នាំនៅឆ្នាំ២០២៤ ។ នៅឆ្នាំ២០២៤ ភូមិភាគ Xinjiang បានទទួលអ្នកទេសចរសរុបលើសពី៣រយលាននាក់ ដែលបានក្លាយជាគោលដៅដែលទទួលប្រជាប្រិយភាពពីអ្នកទេសចរជាតិនិងអន្តរជាតិ ។ល។

បើនិយាយចំពោះភូមិភាគស្វយ័ត Xinjiang ការគាំពារស្ថិរភាពសង្គមគឺជារឿងចម្បង ។ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ការតស៊ូប្រយុទ្ធប្រឆាំងសកម្មភាពអបគមន៍និយមនៃភូមិភាគស្វយ័ត Xinjiang ទទួលបានសមិទ្ធផលជាដំណាក់កាលដ៏សំខាន់ មិនបានកើតមានហេតុការណ៍ហិង្សាភេរវកម្មក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលបានគាំពារយ៉ាងខ្លាំងនូវស្ថិរភាពសង្គមនិងសាមគ្គីភាពជនជាតិនៃភូមិភាគស្វយ័ត Xinjiang ។

ស្ថានភាពសង្គមបានរក្សាស្ថិរភាព ហើយការអភិវឌ្ឍេសេដ្ឋកិច្ចក៏មានការធានាដែរ ។នៅឆ្នាំ២០២៤ បរិមាណផលិតស្បៀងនៃភូមិភាគស្វយ័ត Xinjiang បានឡើងដល់ជាង៥២៤គីឡូក្រាមក្នុង០,០៧ហិកតា ដែលកាន់លំដាប់ថ្នាក់ទីមួយនៅទូទាំងប្រទេសចិន ។ គិតមកទល់ចុងឆ្នាំ២០២៤ ផ្លូវរូងភ្នំShengliនៃភ្នំTianshan ដែលជាផ្លូវល្បឿនលឿនកាត់រូងភ្នំដ៏វែងបំផុតលើពិភពលោកបានតភ្ជាប់ទាំងស្រុង ផ្លូវថ្នល់នៃភូមិភាគស្វយ័ត Xinjiangមានប្រវែងសរុបឡើងដល់២សែន៣ម៉ឺនគីឡូមែត្រ ហើយតំបន់ មណ្ឌលនិងក្រុងទាំងអស់សុទ្ធតែឈានចូលយុគសម័យផ្លូវថ្នល់ល្បឿនលឿន ។ ផ្លូវដែកតភ្ជាប់តំបន់ខាងជើងនិងខាងត្បូងភ្នំTianshan ភូមិឃុំនានាសុទ្ធតែមានភ្ជាប់អ៊ីនធើណេតនិងប្រព័ន្ធ៥G។ល។

បច្ចុប្បន្ននេះ ភូមិភាគស្វយ័ត Xinjiang កំពុងបង្កើតនាមប័ណ្ណមាសមួយសន្លឹក គឺច្រកមាសអឺរ៉ាស៊ីនិងទីតាំងជួរមុខសម្រាប់បើកទូលាយចំពោះតំបន់ភាគខាងលិច ។ ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ តម្លៃសរុបនៃការនាំចេញនាំចូលនៃភូមិភាគស្វយ័ត Xinjiang បានឡើងដល់០,១ទ្រីលានជារៀងរាល់ឆ្នាំ ប្រទេសនិងតំបន់ដែលមានទំនាក់ទំនងផ្នែកពាណិជ្ជកម្មមានចំនួនលើសពី២២០ ។ ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែនបង្កើតជា “ផ្លូវសូត្រឌីជីថល” ហើយ“ការផលិតដោយប្រទេសចិន”បានជះឥទ្ធិពលដល់តំបន់អឺរ៉ាស៊ីតាមរយៈភូមិភាគស្វយ័ត Xinjiang ។ល។

ឆ្លងកាត់រយៈពេល៧០ឆ្នាំ បម្រែបម្រួលយ៉ាងខ្លាំងនៃភូមិភាគស្វយ័ត Xinjiang បានបញ្ជាក់ពីហេតុផលដ៏សាមញ្ញមួយគឺ ជីវភាពប្រកបដោយសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សដ៏ធំបំផុត ។ រំពឹងទុកពីពេលអនាគត ភ្នំ Tianshan ដ៏ស្រស់ស្អាតនឹងបន្តបញ្ជាក់ថា ប្រជាជនគ្រប់ជនជតិនឹងសាមគ្គីគ្នាយ៉ាងជិតស្និទ្ធដូចគ្រាប់ផ្លែទទឹម ដើម្បីជំរុញឱ្យភូមិភាគស្វយ័ត Xinjiang មានសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពយូរអង្វែង ៕

To Top