នាយករដ្ឋមន្ត្រីចិន ព្រមានពីការដំឡើងពន្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចពិភពលោក

ញូវយ៉ក៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានព្រមានថា ហានិភ័យនៃពន្ធខ្ពស់ ដែលប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចពិភពលោកបានកើនឡើង ដោយអំពាវនាវនៅក្នុងសុន្ទរកថា របស់អង្គការសហប្រជាជាតិ សម្រាប់សហគមន៍អន្តរជាតិ ឱ្យបដិសេធលទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយម។
ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព លោក Li បានប្រាប់មហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “ភាពឯកោដោយខ្លួនឯង” មិនមែនជាចម្លើយទេ ហើយមធ្យោបាយ ត្រឹមត្រូវតែមួយគត់ដើម្បីឆ្ពោះទៅមុខ គឺត្រូវបន្ត “បើកចំហ និងកិច្ចសហប្រតិបត្តិការ” ។
លោកបានលេីកឡេីងដោយមិនបញ្ចេញឈ្មោះថា “មូលហេតុចម្បងនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន គឺការកើនឡើងនៃវិធានការឯកតោភាគី និងការការពារនិយម ដូចជាការដំឡើងពន្ធ និងរបាំងពាណិជ្ជកម្ម” ។
លោកបានអះអាងថា ប្រទេសចិន បានបន្តបើកទ្វាររបស់ខ្លួនកាន់តែទូលំទូលាយទៅកាន់ពិភពលោក ដោយកត់សម្គាល់ថា ខ្លួនបានកាត់បន្ថយកម្រិត ពន្ធសរុបរបស់ខ្លួនមកត្រឹម ៧.៣ ភាគរយ ហើយនៅតែជាប្រទេស នាំចូលធំទីពីរ របស់ពិភពលោកសម្រាប់រយៈពេល ១៦ឆ្នាំជាប់ៗគ្នា។
ដោយបង្ហាញពីប្រទេសចិន ជាអាណាព្យាបាល ដ៏សំខាន់នៃសណ្តាប់ធ្នាប់ពិភពលោក ដែលបានកសាងឡើងក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ លោកបានព្រមានប្រឆាំងនឹងការរស់ឡើងវិញនៃ “ឯកតោភាគីនិយម និងចិត្តគំនិតនៃសង្រ្គាមត្រជាក់” ។
ការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីចិន បានធ្វើឡើង បើទោះបីជាភាពតានតឹង ផ្នែកសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក បានធូរស្រាលជាបណ្តើរៗ ហើយភាគីទាំងពីរកំពុងរៀបចំ សម្រាប់កិច្ចប្រជុំដោយផ្ទាល់ នៃមេដឹកនាំកំពូលរបស់ពួកគេ ដែលនឹងធ្វើឡើងក្នុង រយៈពេលប្រហែលមួយខែ៕
ប្រែសម្រួល ឈូក បូរ៉ា
