យូអិនបរាជ័យ ក្នុងការអនុម័ត ដំណោះស្រាយថ្មី លើការបន្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា យូអិនកាលពីថ្ងៃសុក្របានបរាជ័យ ក្នុងការអនុម័តដំណោះស្រាយ ដែលនឹងបន្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥សម្រាប់ រយៈពេលប្រាំមួយខែទៀត ដើម្បីទុកពេលសម្រាប់ការទូតធ្វើការ។
សេចក្តីព្រាងសេចក្តីសម្រេច ដែលដាក់ដោយប្រទេសចិន និងរុស្ស៊ី បានទទួលសំលេងគាំទ្រចំនួន៤ និងសំលេងប្រឆាំងចំនួន៩ ដោយមានអនុប្បវាទចំនួន២ ដោយមិនទទួលបានសំលេងវិជ្ជមានចំនួន៩ដែលត្រូវការសម្រាប់ការអនុម័ត។
ប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចនេះនឹងពង្រីកកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួនប្រាំមួយគឺ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ដូចជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ ដែលបានអនុម័តកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល៦ខែ។
គួរឲ្យដឹងដែរថាលទ្ធផលបោះឆ្នោត កាលពីថ្ងៃសុក្រគឺដូចគ្នានឹងថ្ងៃទី១៩ ខែកញ្ញាដែរពោលគឺទៅ លើសេចក្តីព្រាងដំណោះស្រាយ ដែលដាក់ចេញដោយសាធារណរដ្ឋកូរ៉េ ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែ កញ្ញា ដែលប្រសិនបើត្រូវបានអនុម័តនោះ នឹងបន្តផ្តល់ការបន្ធូរបន្ថយទណ្ឌកម្ម សម្រាប់អ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី
