ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ និង​ស្នងការ​ការពារជាតិសហភាព​អឺរ៉ុប​ ព្រមព្រៀងគ្នាលេីផែនការជញ្ជាំង​ការពារយន្តហោះ​ដ្រូន

ហែលស៊ីនគី៖​ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក​ Petteri Orpo និងស្នងការអឺរ៉ុបសម្រាប់ការពារជាតិ​ និងអវកាសលោក​ Andrius Kubilius បានព្រមព្រៀងគ្នាថា​ ការសាងសង់ “ជញ្ជាំងការពារយន្តហោះគ្មានមនុស្សបើក” ឬហៅថា​ ដ្រូន​ នៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប គួរតែចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

“ជញ្ជាំងការពារយន្តហោះគ្មានមនុស្សបើក” សំដៅលើឧបករណ៍បច្ចេកទេស​ ដែលត្រូវបានរចនាឡើង​ ដើម្បីស្វែងរក និងកំទេចយន្តហោះគ្មានមនុស្សបើក។

លោក​ Kubilius បានទៅទស្សនាទីក្រុង Helsinki ដើម្បីពិភាក្សាជាមួយ លោក​ Orpo និងរដ្ឋមន្ត្រីការពារជាតិលោក Antti Hakkanen ដោយផ្តោតលើផែនការជញ្ជាំងការពារយន្តហោះគ្មានមនុស្សបើក និងកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ​ ដើម្បីពង្រឹងការការពាររួមរបស់សហភាពអឺរ៉ុប។

លោក Orpo បានបន្ថែមថា ផែនការកំពុងដំណើរការរួចហើយ ដោយកត់សម្គាល់ថា មេដឹកនាំសហភាពអឺរ៉ុប​ នឹងបន្តការពិភាក្សាលើបញ្ហានេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបក្រៅផ្លូវការរបស់ពួកគេនៅសប្តាហ៍ក្រោយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយរដ្ឋាភិបាលហ្វាំងឡង់។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានអំពាវនាវកាលពីដើមខែនេះ​ សម្រាប់ការសាងសង់ជញ្ជាំងការពារយន្តហោះគ្មានមនុស្សបើក​ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “Eastern Flank Watch” ក្នុងគោលបំណងពង្រឹងការការពារតាមបណ្តោយព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប៕

ប្រែសម្រួល​  ឈូក​ បូរ៉ា

To Top