ដាណឺម៉ាក ប្រកាសហាមឃាត់ការ បង្ហោះដ្រូនស៊ីវិល គ្រប់ប្រភេទនៅទូទាំង ប្រទេសមុនជំនួប របស់សហភាពអឺរ៉ុប

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាលដាណឺម៉ាក បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសដាណឺម៉ាកនឹងហាមឃាត់ការហោះហើរ យន្តហោះគ្មានមនុស្សបើកស៊ីវិល ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដើម្បីការពារកិច្ចប្រជុំ របស់មេដឹកនាំ សហភាពអឺរ៉ុប (EU) នៅទីក្រុង Copenhagen និង កាត់បន្ថយបន្ទុកលើប៉ូលិសចំពេល មានការកើនឡើង នៃការមើលឃើញ យន្តហោះគ្មាន មនុស្សបើកគួរឱ្យសង្ស័យ។
រដ្ឋមន្ត្រីកិច្ចការងារដឹកជញ្ជូនលោក Thomas Danielsen បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់បណ្តោះអាសន្ន នឹងចាប់ផ្តើមពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ដោយផ្តោតទៅលើ ជើងហោះហើរស្របច្បាប់ផង និង សកម្មភាពអរិភាពដែលអាចកើតមាន ខណៈដែលអាជ្ញាធរផ្តោតលើ សន្តិសុខកិច្ចប្រជុំកំពូល។
ការលើកលែងអាចត្រូវបានផ្តល់ សម្រាប់តែកិច្ចការបន្ទាន់ ដែលមានសារៈសំខាន់ជាសាធារណៈប៉ុណ្ណោះ។ ជើងហោះហើរពាណិជ្ជកម្ម ឬកម្សាន្តធម្មតា ដូចជាការថតរូបពីលើអាកាស សម្រាប់ព្រឹត្តិការណ៍ឯកជន នឹងមិនត្រូវបានអនុញ្ញាតទេ។
គួរឲ្យដឹងដែរថាកងកម្លាំងយោធា ប៉ូលីស និងសេវាសង្គ្រោះបន្ទាន់ផ្សេងទៀត ត្រូវបានលើកលែង ។ យោងតាមអាជ្ញាធរដាណឺម៉ាក បានឱ្យដឹងថា ការបំពានអាចត្រូវបានផ្តន្ទាទោស ដោយការផាកពិន័យ ឬជាប់ពន្ធនាគាររហូតដល់២ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី
