ព័ត៌មានអន្តរជាតិ

សារព័ត៌មាន NBC ៖ អាមេរិក កំពុងរៀបចំជម្រើស ក្នុងការវាយប្រហារ ទៅលើប្រទេស វ៉េណាស៊ុយអេឡា ក្នុងនោះមានទាំងការ ទម្លាក់គ្រាប់បែក

បរទេស៖ សារព័ត៌មាន NBC បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកកំពុង “រៀបចំជម្រើស” សម្រាប់ការវាយប្រហារ លើអ្នកជួញដូរគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់ នៅក្នុងប្រទេសវេណេស៊ុយអេឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានបាញ់ពន្លិច ទូកយ៉ាងហោចណាស់ បីដែលខ្លួនបានចោទប្រកាន់ថា បានដឹកគ្រឿងញៀនចេញពីឆ្នេរសមុទ្រ នៃប្រទេសអាមេរិកឡាទីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់។ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានបដិសេធរាល់ការជាប់ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀន ហើយបានទទូចថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីផ្តួលរំលំលោក។

ការទម្លាក់គ្រាប់បែកលើប្រទេសវ៉េណេស៊ុយអេឡាអាចនឹងកើតឡើង «ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត»។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពរបស់ខ្លួន វិធានការនេះមិនទាន់ត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិក Donald Trump នៅឡើយទេ។

យោងតាមមន្ត្រីគឺថា ចំណាត់ការ ដែលកំពុងពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ភាគច្រើនរួមមានការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកលើមន្ទីរពិសោធន៍គ្រឿងញៀន ក៏ដូចជាសមាជិក និងមេដឹកនាំនៃក្រុម ជួញដូរគ្រឿងញៀន។

ប្រភពមួយបាននិយាយថា អាមេរិកកំពុងពិចារណា អំពីការបង្កើនភាពតានតឹងបន្ថែមទៀត ដោយសារតែមនុស្សមួយ ចំនួននៅក្នុងរដ្ឋបាល Trump មានការខកចិត្តដែលការដាក់ពង្រាយនាវាចម្បាំង និងយន្តហោះរបស់អាមេរិកទៅកាន់សមុទ្រ Caribbean និងការវាយប្រហារលើកប៉ាល់មិនបានធ្វើឲ្យការកាន់អំណាចរបស់ លោក Maduro ចុះខ្សោយ ឬបានជំរុញឲ្យមានការឆ្លើយ តបដ៏សំខាន់ណាមួយឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top