ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប​ បញ្ជូនក្បួនជំនួយទៅតំបន់ហ្គាហ្សា ខណៈចំនួនអ្នកស្លាប់ប៉ាឡេស្ទីន កេីនលើសពី ៦៦.០០០នាក់

xinhua

ហ្គាហ្សា៖​ អឌ្ឍចន្ទក្រហមអេហ្ស៊ីប (ERC) បានឧ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃអាទិត្យ ទី២៨​ ខែកញ្ញា ប្រទេសអេហ្ស៊ីប បានបញ្ជូនក្បួន ជំនួយមនុស្សធម៌ដ៏ធំមួយ ដែលដឹកសម្ភារៈសង្គ្រោះបន្ទាន់ជិត ៣០០០តោនទៅ កាន់តំបន់ហ្គាហ្សាស្ទ្រីប។

វាគឺជាក្បួនលើកទី៤៣​ ដែលត្រូវបានបញ្ជូន តាមគំនិតផ្តួចផ្តើមដោយ ERC កាលពីថ្ងៃទី២៧​ ខែកក្កដា ជាយន្តការរបស់អេហ្ស៊ីប​ សម្រាប់ផ្តល់ជំនួយ ដល់តំបន់ហ្គាហ្សា។

ក្បួនរថយន្តកាលពីថ្ងៃអាទិត្យរួមមានអាហារ និងម្សៅជាង ២៧០០តោន រួមជាមួយនឹងសម្ភារពេទ្យ និងជំនួយប្រហែល ៣០០តោន​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាល របស់ហ្គាហ្សាបានឧ្យដឹងថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៦.០០៥ នាក់ និងរបួស ១៦៨.១៦២នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ខណៈពេលដែលការបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យស្ថានភាពមនុស្សធម៌ កាន់តែអាក្រក់នៅក្នុងរង្វង់នោះ។

អាជ្ញាធរបានរាយការណ៍ថា មន្ទីរពេទ្យនៅហ្គាហ្សាបានទទួលសាកសពចំនួន ៧៩នាក់ និងរបួស ៣៧៩នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយកត់សម្គាល់ថា “ជនរងគ្រោះមួយចំនួន នៅតែជាប់នៅក្រោម គំនរបាក់បែក និងនៅតាមដងផ្លូវ ដោយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល មិនអាចទៅដល់ពួកគេបាន”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top