ម្ចាស់រថយន្តទំនើប គេចវេសមិនបង់ពន្ធតម្លៃ ៨,៥ លានដុល្លារ បង្កឲ្យមានការខឹងសម្បារ និងអំពាវនាវឲ្យអនុវត្តច្បាប់តឹងរ៉ឹងនៅម៉ាឡេស៊ី

ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តទំនើបមួយចំនួនដូចជា Rolls-Royces និង Lamborghini នៅប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញថា បានគេចវេសមិនបង់ពន្ធផ្លូវមានតម្លៃជិត ៨.៥ លានដុល្លារអាមេរិកដែលបង្កឲ្យមានកំហឹងជាសាធារណៈ និងអំពាវនាវឲ្យមានការពិន័យ កាន់តែខ្លាំងចំពោះម្ចាស់រថយន្តទំនើបទំាងនេះ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ចំនួនទឹកប្រាក់នោះជំពាក់ ដោយម្ចាស់រថយន្តមក ពីម៉ាកប្រណីតចំនួន ៥ ។
ទិន្នន័យរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (JPJ) បង្ហាញថា រថយន្តPorsche នាំមុខគេក្នុងបញ្ជីជាមួយនឹងរថយន្ត ៤,៣០៨ គ្រឿងមានតម្លៃ ១៣.៧ លានដុល្លារម៉ាឡេស៊ី បន្ទាប់មកគឺ Bentley (រថយន្ត ៦៦០ គ្រឿងមានតម្លៃ ៧ លានដុល្លារម៉ាឡេស៊ី និង Rolls-Royce (រថយន្ត ៣៤៥ គ្រឿង មានតម្លៃ ៦.៤ លានដុល្លារម៉ាឡេស៊ី) ។ Ferrari (៦៧៥ គ្រឿង តម្លៃ ៤.៧ លានដុល្លារម៉ាឡេស៊ី) និង Lamborghini (៣៧២ គ្រឿងមានតម្លៃ ៣.៧ លានដុល្លារម៉ាឡេស៊ី) សរុបចំនួន៥ ប្រភេទ។
ទិន្នន័យនេះត្រូវបានចេញផ្សាយជាផ្នែកនៃ “Ops Luxury” ជាកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសដែលបានចាប់ផ្តើមកាលខែមិថុនា ដើម្បីតាមដាន និងរឹបអូសយានយន្តដោយគ្មានពន្ធត្រឹមត្រូវ ឬធានារ៉ាប់រង។ រហូតមកដល់ពេលនេះ អាជ្ញាធរបានឃាត់រថយន្តចំនួន ៤២១ គ្រឿង។ ជាមួយនឹងរថយន្តជាង ២៨,០០០ គ្រឿងទំាង៥ ម៉ាក បានចុះបញ្ជីក្នុងប្រទេសម៉ាឡេស៊ី តួលេខបង្ហាញថាប្រហែលមួយក្នុងចំណោម ៥ ត្រូវបានបើកបរដោយ គ្មានឯកសារត្រឹមត្រូវ ។
នេះបើតាមការដកស្រង់ សម្តីដោយទីភ្នាក់ងារសារព័ត៌មានជាតិ Bernama ថា លោក Loke បានបញ្ជាក់ថា យើងមានឈ្មោះ និងព័ត៌មានទាំងអស់ អំពីម្ចាស់យានយន្តទាំងនេះ ប៉ុន្តែខ្ញុំនឹងមិនប្រកាសជាសាធារណៈទេ ។ ក្នុងចំណោមបុគ្គលទាំងនេះ គឺជាបុគ្គលលេចធ្លោ បុគ្គលដែលមានងារដូចជា ‘Tan Sri’ អ្នកនយោបាយ អ្នកមានស្តុកស្តម្ភ អ្នកជំនួញ និងបុគ្គលល្បីៗផ្សេងទៀត។ ជនល្មើសខ្លះបានអះអាងថា គ្រាន់តែភ្លេចបង់ពន្ធផ្លូវឡើងវិញ ទោះបីវាផុតកំណត់រយៈពេល ៣ ឆ្នាំក៏ដោយ។
លោក Loke បានបន្ថែមថា ពន្ធផ្លូវគឺជាប្រភពចំណូលដ៏ធំបំផុតរបស់ម៉ាឡេស៊ី បន្ទាប់ពីពន្ធគយ និងពន្ធលើប្រាក់ចំណូល រួមចំណែកជិត ៥ ពាន់លានដុល្លារម៉ាឡេស៊ីក្នុងមួយឆ្នាំ ។ ពន្ធសម្រាប់ម៉ូដែលប្រណិតគឺជាធម្មតា ១៥,០០០-៣០,០០០ ដុល្លារម៉ាឡេស៊ី ។ ការលាតត្រដាងនេះបានធ្វើឲ្យសាធារណជន មានការខកចិត្ត ដោយមនុស្សជាច្រើនបានចោទជាសំណួរថា តើការគេចវេស ជាទ្រង់ទ្រាយធំបែបនេះ មិនបានត្រួតពិនិត្យយូរហើយ ហេតុអ្វីអាជ្ញាធរមិនចាត់វិធានការ ឱ្យបានឆាប់។
កាសែត South China Morning Post បានដកស្រង់សម្តីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់បាននិយាយថា យើងកម្រឃើញប៉ូលីស ឬ JPJ បញ្ឈប់រថយន្ត Rolls-Royces ឬ Ferraris ឬ Lambos ឬ Bentleys ក្នុងអំឡុងពេលបិទផ្លូវ៕
