ព័ត៌មានអន្តរជាតិ

​ ក្រុមហាម៉ាស់​ បដិសេធ​ថា​ មិន​ទទួល​បាន​សំណើ​ថ្មី ​ជុំវិញ​បទ​ឈប់​បាញ់ ​នៅ​ហ្គាហ្សានោះទេ

Xinhua

ហ្គាហ្សា៖​ ក្រុមហាម៉ាស់​ បានបដិសេធថា មិនបានទទួលសំណើថ្មីណាមួយ ពីអ្នកសម្របសម្រួលទាក់ទង នឹងបទឈប់បាញ់នៅហ្គាហ្សានៅឡេីយទេ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រុមហាម៉ាស់​ បានឧ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការចរចាបទឈប់បាញ់ត្រូវបានជាប់គាំងចាប់តាំងពី “ការប៉ុនប៉ងធ្វើឃាត ដែលបរាជ័យ កាលពីថ្ងៃទី៩​ ខែកញ្ញា ក្នុងរដ្ឋធានីដូហា ប្រទេសកាតា” ដោយសំដៅទៅលើការវាយប្រហារ របស់អ៊ីស្រាអែល​ លើការិយាល័យចលនា នៅទីក្រុងដូហា ដែលបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិត រួមទាំងមន្រ្តីសន្តិសុខកាតាម្នាក់ផងដែរ។

ចលនានេះបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងការពិចារណាលើសំណើណាមួយ​ ដែលបង្ហាញដោយអ្នកសម្របសម្រួល “ជាវិជ្ជមាន និងការទទួលខុសត្រូវ” ក្នុងលក្ខណៈដែលរក្សា សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានរាយការណ៍អំពីសំណើថ្មីមួយ ដែលបង្ហាញដោយប្រធានាធិបតី អាមេរិកលោក​ ដូណាល់​ ត្រាំ ដែលរួមមាន ២១ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា។

យោងតាមរបាយការណ៍ សំណើនេះចែងថា ក្រុមហាម៉ាស ប្រគល់ចំណាប់ខ្មាំងទាំងអស់ ទាំងរស់ និងស្លាប់ ក្នុងរយៈពេល ៤៨ម៉ោង និងរួមបញ្ចូលទាំងការដកទ័ពអ៊ីស្រាអែល​ បន្តិចម្តងៗ ចេញពីតំបន់ហ្គាហ្សា។

អ៊ីស្រាអែលនឹងដោះលែង អ្នកទោសសន្តិសុខប៉ាឡេស្ទីនរាប់រយនាក់ អនុញ្ញាតឱ្យជំនួយហូរចូលទៅក្នុងតំបន់ហ្គាហ្សា និងផ្តល់សម្រាប់រដ្ឋាភិបាល បណ្តោះអាសន្ននៃអ្នកបច្ចេកទេសប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់ឆ្នេរ ដោយធានាថាក្រុមហាម៉ាសមិនមានតួនាទី ក្នុងការគ្រប់គ្រងតំបន់នោះ៕

To Top