គុយបា៖ ចលនាយោធាអាមេរិក គំរាមកំហែងសន្តិភាព និងសន្តិសុខនៅការីប៊ីន

យូអិន៖ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez Parrilla បានឧ្យដឹងថា ការគំរាមកំហែងនៃសង្គ្រាមនឹងកើតឡើងយ៉ាងធំនៅលើសមុទ្រការីប៊ីន ជាមួយនឹងការសាងសង់ទ័ពជើងទឹក និងផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ដែលមានលក្ខណៈមិនសមហេតុផល។
ថ្លែងទៅកាន់ការជជែកដេញដោលប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក Rodriguez បានឧ្យដឹងថា សហរដ្ឋអាមេរិកប្រើលេសនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការជួញដូរគ្រឿងញៀនសម្រាប់វត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ការីប៊ីន។
លោកបានលេីកឡេីងថា “ការវាយប្រហារ និងការបំផ្លិចបំផ្លាញទូកល្បឿនលឿន ដែលមិនបានចុះបញ្ជី ឬមិនមានធម្មនុញ្ញ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ឬការប្រហារជីវិតជនស៊ីវិល ការរារាំងកប៉ាល់នេសាទ ឬទូក និងសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិក បង្កើតស្ថានភាពគ្រោះថ្នាក់ ដែលបំពានច្បាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់” ។
លោក Rodriguez ក៏បានថ្កោលទោសការបិទផ្លូវរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងគុយបា ដែលលោកបានពណ៌នាថា “រឹតបន្តឹងខ្លាំងបំផុត” និងបង្កើតបានជា “សង្រ្គាមសេដ្ឋកិច្ចដ៏អូសបន្លាយ”។
ទន្ទឹមនឹងនោះ លោក Rodriguez បានបន្ដថា ទោះបីជាមានការកំណត់ក៏ដោយ ក៏អង្គការសហប្រជាជាតិនៅតែជាស្ថាប័នតំណាងបំផុតរបស់សហគមន៍អន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
