បទវិភាគ ៖ បង្អួចថ្មីសម្រាប់ការប្រាស្រ័យទាក់ទងរវាងចិន និងអាមេរិកក្រោមការណែនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ

នៅថ្ងៃទី២៥ ខែកញ្ញា លោក Adam Smith ប្រធានគណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនិងសហការីបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទលាយ ។ បន្ទាប់ពីរំលងអស់រយៈពេល ៦ ឆ្នាំ គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀតដែលបាននាំមកនូវសំឡេងរបស់បក្សទាំងពីរនៃសហរដ្ឋអាមេរិកនិងក្តីរំពឹងទុករបស់ប្រជាជនអាមេរិកចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក ។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា នៅមុនពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះ ប្រមុខរដ្ឋចិននិងអាមេរិកទើបបានជួបសន្ទនាតាមទូរស័ព្ទដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ននិងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍដោយនឹងនរនៃទំនាក់ទំនងរវាងចិននិងអាមេរិកនៅដំណាក់កាលបន្ទាប់ ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនបានបង្ហាញយ៉ាងពេញលេញពីតួនាទីដ៏សំខាន់នៃការណែនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋចិននិងអាមេរិកដែលជាការបោះជំហានយ៉ាងសកម្មទៅរកការលំនឹងទំនាក់ទំនងរវាងចិននិងអាមេរិក ។
លោក Diao Daming សាស្ត្រាចារ្យនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះមានអំណោយផលដល់សមាជិកសភាអាមេរិកក្នុងការយល់ដឹងពីសភាពការណ៍ពិតប្រាកដរបស់ប្រទេសចិននិងបង្កើតការយល់ដឹងដ៏ត្រឹមត្រូវចំពោះប្រទេសចិន ដើម្បីប្រកាន់អាកប្បកិរិយាកាន់តែមានវិចារណញ្ញាណថែមមួយកម្រិតទៀតនៅពេលពិគ្រោះពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងចិន ។ ក៏ដូចការគូសបញ្ជាក់របស់ភាគីចិនដែលបានលើកឡើងក្នុងកិច្ចជំនួបថា រំពឹងទុកសភាអាមេរិកប្រើក្រសែភ្នែកត្រឹមត្រូវទៅមើលទំនាក់ទំនងរវាងចិននិងអាមេរិកព្រមទាំងជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរដើម្បីដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការជំរុញមេត្រីភាពនិងការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ ។
បើនិយាយចំពោះទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្ន ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះបានពង្រីកមធ្យោបាយសម្រាប់ការប្រាស្រ័យទាក់ទងរវាងភាគីទាំងពីរព្រមទាំងបានបើកបង្អួចមួយទៀតសម្រាប់ការប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិក ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះ ទីក្រុងប៉េកាំងបានលើកឡើងថា មានឆន្ទៈធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូរជាមួយរដ្ឋបាលក្នុងតំបន់នៃសហរដ្ឋអាមេរិកក្នុងវិស័យដូចជាអភិបាលកិច្ចនៃទីក្រុងជាដើម ។ រំពឹងថា សមាជិករដ្ឋសភាអាមេរិកនឹងពង្រីកឧត្តមភាពរបស់ខ្លួនដើម្បីបង្កើតជាស្ពានសម្រាប់ការប្រាស្រ័យទាក់ទងនិងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី ។
ទំនាក់ទំនងរវាងចិននិងអាមេរិកគឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ប្រទេសទាំងពីរអាចក្លាយជា ក៏គួរក្លាយជាដៃគូនិងមិត្តភក្តិនឹងគ្នា ។ នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកបានលេចចេញនិន្នាការមានភាពនឹងនរ នេះគឺបានមកដោយមិនងាយទេដែលគួរថែរក្សាឱ្យបានល្អ ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិន ភាគីចិនបានថ្លែងថា រីករាយដោះស្រាយកង្វល់រៀងខ្លួនតាមរយៈការប្រាស្រ័យទាក់ទងដោយប្រកាន់ខ្ជាប់ស្មារតីសមភាព គោរពគ្នាទៅវិញទៅមកនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះ ភាគីចិនក៏បានអធិប្បាយយ៉ាងច្បាស់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនស្តីពីការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិដែរ ។ ដោយឡែកភាគីអាមេរិកបានថ្លែងថា ប្រទេសទាំងពីរគួរធ្វើកិច្ចសន្ទនាកាន់តែច្រើនដើម្បីស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការនិងដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី ។ រំពឹងថា គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនឹងនាំអ្វីដែលខ្លួនបានមើលឃើញនិងដឹងឮនៅចិនទៅអាមេរិកវិញដើម្បីជំរុញរដ្ឋសភាអាមេរិកឱ្យដើរតួនាទីវិជ្ជមានដល់ការប្រាស្រ័យទាក់ទងដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងចិននិងអាមេរិក ៕
