បាក់រលំអគារ កំពុងជួសជុល នៅសាលារៀនមួយ នៅប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យស្លាប់ម្នាក់ និងរាប់សិបនាក់ទៀត នៅក្រោមគំនរថ្ម

បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារថា យ៉ាងហោចណាស់សិស្សសាលាម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគារសិក្សា នៅសាលាមួយបានបាក់រលំ នៅក្នុងខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍បាក់អគារនេះបានកើតឡើងនៅសាលា Al Khoziny Islamic Boarding School ក្នុងសង្កាត់ Sidoarjo នៅពេលដែលអគារដែលស្ថិតក្រោមការជួសជុល ក្នុងពេលអធិស្ឋានពេលរសៀល ។ នេះបើតាមលោក Nanang Sigit ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ Surabaya នៅ East Java បានប្រាប់ស៊ិនហួ។
លោក Sigit បាននិយាយថា “ក្រុមអ្នកជួយសង្គ្រោះអាចទាញ ជនរងគ្រោះដែលស្លាប់ម្នាក់ចេញ ហើយសិស្សចំនួន ១០២ នាក់ ត្រូវបានជម្លៀសចេញពីការដួលរលំ” ដោយលោកនិយាយថា ប្រតិបត្តិការស្វែងរកកំពុងបន្ត ខណៈមនុស្សយ៉ាងតិច ៣៨ នាក់ត្រូវបានគេភ័យខ្លាចថាជាប់ក្រោមគំនរថ្ម ។
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ ដែលគាំទ្រ ដោយឧបករណ៍សង្គ្រោះធុនធ្ងន់ ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំង ដើម្បីស្វែងរកអ្នកនៅរស់ ខណៈដែលអាជ្ញាធរក៏បានបើកការស៊ើបអង្កេត លើមូលហេតុនៃការដួលរលំនេះផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
